(ភ្នំពេញ)៖អាជ្ញាធរខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៧នេះ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ សប្បាយ ក្នុងការសាងសង់ស្ពានបាឡេ និងស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីឃ្លាំងស្ដុបសាំងសូគីមិច ខណ្ឌឬស្សីកែវ មកកាន់តំបន់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ពិធីបួងសួងសុំសេចក្តីសុខនេះ ធ្វើឡើងដោយមានការចូលរួម ពីអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី រួមទាំងអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង និងមន្រ្ដីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។  

តាមការបញ្ជាក់របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ការរៀបចំពិធីនៅថ្ងៃនេះ គ្រាន់តែជាពិធីបួងសួង សុំសេចក្តីសុខ ដើម្បីរៀបចំដំណើរការសាងសង់ស្ពានប៉ុណ្ណោះ សម្រាប់ពិធីក្រុងពាលី និងការបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅពេលក្រោយ។

លោកបន្តថា ស្ពានបាឡេដែលត្រូវសាងសង់នេះ ជាស្ពានបណ្ដោះអាសន្ន ដើម្បីដំណើរការប្រើប្រាស់ក្នុងការធ្វើចរាចរណ៍ ក្នុងអំឡុងពេលដែលស្ពាន​ជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ជួសជុលឡើងវិញ ក្រោយបុណ្យភ្ជុំបិណ្ឌ។

លោកបន្ថែមទៀតថា ព្រមជាមួយនឹងការសាងសង់ស្ពានបាឡេនេះ ក៏មានការសាងសង់ស្ពានបេតុងថ្មីមួយទៀត នៅស្របជាមួយ ស្ពានបាឡេនេះដែរ ដើម្បីសម្រួលដល់ការ​ធ្វើចរាចណ៍ឆ្លងកាត់ទន្លេសាប។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បញ្ជាក់ប្រាប់ Fresh News ថា ស្ពានបាឡេថ្មីនេះមានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាចំនួន៩លានដុល្លារ ប្រើពេលសាង​សង៦ខែ។ ខណៈស្ពាន​បេតុង មានទទឹង២០.៥ម៉ែត្រនិងបណ្ដោយ ៥០០ម៉ែត្រដូចគ្នា ដោយប្រើថវិកាចំនួន៣៥លានដុល្លារ​ ដែល​ជាថិវការបស់រាជរដ្ឋាភិបាល ដោយប្រើពេលសាងសង់២៨ខែ។

លោក ទូច សំណាង បានបញ្ជាក់ថា ស្ពានបាឡេ និងស្ពានបេតុងទាំងពីរនេះ នឹងត្រូវសាងសង់ដំណាលគ្នា​ ដើម្បីជៀសវាងការប៉ះពាល់ ដល់ប្រជាពលរដ្ឋច្រើនដង​និងដើម្បីដោះស្រាយផលប៉ះពាល់តែម្ដងគឺចប់​៕