(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៧ និងសំណេះសំណាលជាមួយប្រជាលរដ្ឋជាង៤០០នាក់ នៅវត្តកោះកែវកំបោរ ភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងរំលឹកពីអនុស្សាវរីយ៍ពីអតីតកាលថា ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមដែលធ្វើឱ្យប្រជាពលរដ្ឋយើងស្លាប់ បែកបាក់ក្រុមគ្រួសារ និរាសព្រាត់ប្រាសគ្រួសារឱពុកម្តាយប្តីប្រពន្ធកូនចៅ និងប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចទ្ទីគ្មានសល់អ្វីឡើយ ដោយសារតែសង្គ្រាមផ្ទៃក្នុងខ្លួនឯង បានកាប់សម្លាប់ប្រជាជនស្លូតត្រង់ មិនញញើតដៃធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នេះក៏ដោយសារតែអ្នកដឹកនាំគ្មានគិតពីប្រយោជន៍ប្រជាពលរដ្ឋគឺគិតតែពីប្រយោជន៍បក្សពួកខ្លួន ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានគិតពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សង្រ្គាមត្រូវបានបញ្ចប់ទាំងស្រុង មានសន្តិភាព សន្តិសុខប្រទេសចាប់ផ្តើមមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ហេដ្ឋារចនាសម្ព័ន្ធសង្គមមានផ្លូវថ្នល់ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមត្រូវបានស្តារឡើងវិញ ពិសេសសេរីភាពខាងជំនឿសាសនាត្រូវបានបើកទូលាយ ប្រជាពលរដ្ឋអាចធ្វើដំណើរបានពីទីជិតឆ្ងាយ មកធ្វើបុណ្យជាមួយគ្នាដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ញាតិការទាំងប្រាំពីរសណ្តាន ដែលបានស្លាប់ចែកឋានរំលាយក្ខ័ន្ធទៅកាន់លោកខាងមុខ ដោយក្តីសប្បាយរីករាយមិនមានការភ័យខ្លាចរត់គេចពីគ្រាប់រំសេវដូចសម័យពីអតីតកាលឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃ មាន៖
១.ប្រជាពលរដ្ឋចំនួនជាង៤០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង ១
២.ថវិកាបច្ច័យបុណ្យប្រគេនវត្តកំបោរ ៥.៤២០.០០០រៀល
៣.អង្ករ២០០គីឡូក្រាម
៤.ទឹកសុីអុីវ១០យួរ
៥.ទឹកត្រី១០យួរ
៦.ទឹកសុទ្ធ២០កេស
៧.មី១០កេសតូច
៨.ទឹកក្រូច៥កេស
៩.ទឹកផ្លែឈើ៥កេស៕