(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ រៀបចំសិក្ខាសាលាស្វែងយល់អំពី វិធានការបង្ការការពុលចំណីអាហារ និងការពុលមេតាណុល។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងមន្ដ្រីពាក់ព័ន្ធ ក្រុមអ្នកសារព័ត៌មានជាច្រើនទៀតផងដែរ។

ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្ដាលមកពីការពុលអាហារ និងពុលស្រា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងសូមអំពាវនាវឲ្យសាធារណៈជនទាំងអស់ ចូលរួមអនុវត្តន៍វិធានការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្ដាលមកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពុលអាហារភាគច្រើនបណ្ដាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

មួយវិញទៀតក្រសួង សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ៕