(កំពត)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល០២ ខែ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពត។

តាមរបាយការណ៌របស់លោក ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា៖ ក្រុមការងារចុះមូលដ្ឋានខេត្ត និងក្រុង/ស្រុក បានចុះសំណេះសំណាល និងស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ តាមបណ្តាក្រុង ស្រុក ក្នុងរយៈពេល០២ ខែកន្លងទៅនេះ សរុបចំនួន២២លើក ស្មើនឹង២១ ឃុំ សង្កាត់ មានការ ចូលរួមពីក្រុមការងារចំនួន ៥១២នាក់ និងប្រជាពលរដ្ឋចំនួន ៣.២៥០នាក់ ស្រី ១.៤៨២នាក់ ដោយប្រមូលបានបញ្ហា សំណូមពរចំនួន ១១៦ ករណី។ ក្នុងនោះបាន ដោះស្រាយចំនួន ៧០ ករណី កំពុងដោះស្រាយ ៣៥ ករណី និងមិនទាន់ដោះស្រាយចំនួន ១១ ករណី ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរពី សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះ អស់លោក លោកស្រី ស្ថិតក្នុងក្រុមការងារថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយសំណូមពរនានា ដែលធ្វើឲ្យបញ្ហាត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ លោកទេសរដ្ឋមន្ត្រី បានស្នើរួចហើយដល់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវមេដាយការងារ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីឆ្នើមទាំងអស់នៅពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងារ ជាពិសេសលោកទេសរដ្ឋមន្ត្រី ប៉ែន សុីម៉ន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះទាំងគ្រូ និងសិស្ស រហូតធ្វើឲ្យលទ្ធផលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នេះ នៅទូទាំងខេត្តកំពត សិស្សប្រឡងជាប់ចំណាត់ថ្នាក់និទ្ទេសA បានកើនឡើងលើសឆ្នាំមុនចំនួន១០នាក់ គឺ ឆ្នាំនេះទទួលបាន ២១នាក់ ដែលកាលពីឆ្នាំ២០១៦ បានត្រឹមតែ១១នាក់ ប៉ុណ្ណោះ។

ចំណុចនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គាំទ្រ និងណែនាំឲ្យបន្តការយកចិត្តទុកដាក់ទាំងអ្នកជាប់ និងអ្នកធ្លាក់ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់ពួកគេឲ្យមានការខិតខំសិក្សាដើម្បីឈានដល់គោលដៅជាអតិបរមា។
ក្នុងន័យឆ្លើយតប ក៏ដូចជាការដាស់តឿន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំការងារជាក់ស្តែងមួយចំនួនដូចជាហាមប្រជាពលរដ្ឋក៏ដូចជាមន្ត្រីចូលទៅចាប់ដីរបស់រដ្ឋធ្វើកម្មសិទ្ធិ, ខិតខំថែរក្សាការពារដីស្រែអំបិលដើម្បីថែរក្សារបរប្រពៃណីរបស់ខ្មែរយូរលង់មកហើយ, ខិតខំរកនីតិវិធីសមស្របដើម្បីដោះស្រាយដីចំណីព្រែក ដែលមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋមួយចំនួន, ពិនិត្យលទ្ធភាពស្នើសុំរាជរដ្ឋាភិបាលដើម្បីបើកច្រកទ្វេរភាគីនៅស្រុកបន្ទាយមាស ងាយស្រួលប្រជាជនទាំងសងខាងកម្ពុជា-វៀតណាម ដោះដូរទំនិញ រឺផលិតផល ជាមួយគ្នា, ពន្លឿនការងារកំណត់ព្រំប្រទល់ខេត្ត រវាងស្រុកដំណាក់ចង្អើរខេត្តកែប និង ស្រុកកំពង់ត្រាចខេត្តកំពត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន សម្រួល និងសហការដើម្បីឲ្យការអនុវត្តគម្រោងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើវិស័យទឹកស្អាត ជាមួយដៃគូនានាប្រកបដោយជោគជ័យ។

ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើឲ្យក្រុមការងារទាំងអស់ បន្តនិងកាន់តែសកម្មឡើង ក្នុងការចុះធ្វើវេទិការសាធារណៈ និងចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ ជាមួយនិងការបម្រើសេវាសាធារណៈឲ្យបានកាន់តែប្រសើរ។ ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវទង្វើក្បត់ជាតិរបស់មេបក្សប្រឆាំងដែលត្រូវរាជរដ្ឋាភិបាលឃុំខ្លួនតាមអំណាចសាលក្រមរបស់តុលាការ ពីបទឃុបឃិតជាមួយបរទេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕