(ភ្នំពេញ)៖ បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទក្បត់ជាតិដែលជាករណីបទល្មើស ជាក់ស្តែងកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា។​ ចំណែករដ្ឋសភាជាតិបានអនុម័តយល់ព្រមឱ្យសមត្ថកិច្ចតុលាការ បន្តនីតិវិធីប្រឆាំងនឹងជនត្រូវចោទរូបនេះបន្តទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

ចំណែកព្រឹទ្ធសមាជិកនៃគណបក្ស សម រង្ស៊ី ហើយនឹងក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ មិនចូលប្រជុំសភា តែបែរជាមក ប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំក្រោមលេសមកសួរសុខទុក្ខជនត្រូវចោទ កឹម សុខា។ កឹម សុខា ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តប្រមូលភស្តុតាងដើម្បីឈានទៅចាត់ការ លើអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងផែនការក្បត់ជាតិដែល កឹម សុខា បានសារភាពថា ខ្លួនបានទទួលបញ្ជាពីអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បីផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៅកម្ពុជា។

ប៉ុន្តែផែនការទុច្ចរិតដែល កឹម សុខា ព្រមទាំងគូកនក្នុងបក្សសង្គ្រោះជាតិបានអនុវត្តក្រោមការបង្គាប់បញ្ជា ផ្តល់ការគាំទ្រទាំងថវិកាសម្ភារ និងបច្ចេកទេសពីអាមេរិកដែលជាឪរបស់ខ្លួននោះត្រូវបានបែកការណ៍ ហើយត្រូវបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា និងចាប់បានមេក្លោងធំទៀត។ ស្ថានភាពបក្សសង្គ្រោះជាតិនៅពេលនេះ បានបាត់បង់ភាពម្ចាស់ការ ហើយការខ្វែងយោបល់គ្នាក៏ចាប់ផ្តើមកក្រើកសាជាថ្មី ជុំវិញជោគវាសនារបស់គណបក្សសង្គ្រោះជាតិ និងផែនការទុច្ចរិតរបស់ខ្លួន។ នៅចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ គេសង្កេតឃើញបក្សសង្គ្រោះជាតិចាប់ផ្តើមបែកបាក់គំនិតក្នុងចំណោមអ្នកដឹកនាំ និងការទទួលការណែនាំថ្មីពីចៅហ្វាយនាយបរទេសរបស់ខ្លួនដើម្បីរៀបចំសេណារីយូថ្មី។

ទី១៖ នៅចំពោះមុខគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលជាបច្ច័យកើតចេញពីអំពើក្បត់ជាតិរបស់ កឹម សុខា គណបក្សសង្គ្រោះជាតិអាចប្រឈមមុខនឹងប្តឹងរំលាយចោល ក្នុងករណីរកឃើញថា កឹម សុខា មានទោសកំហុសចំពោះបទចោទ ហើយ កឹម សុខា មិនបានលាលែងតំណាងដើម្បីសង្គ្រោះបក្សដូចដៃគូនយោបាយរបស់ខ្លួន គឺ សម រង្ស៊ី បានធ្វើ។ ហេតុផលនេះហើយដែលធ្វើឱ្យក្រុម សម រង្ស៊ី និយមក្នុងបក្សសង្គ្រោះជាតិមិនសប្បាយចិត្តទាល់តែសោះ ព្រោះ កឹម សុខា ប្រព្រឹត្តអំពើក្បត់ជាតិហើយ ត្រូវបានតុលាការចោទប្រកាន់ នៅតែខំឱបអំណាចជាប្រធានបក្សជាប់ខ្លួន មិនគិតពីផលវិបាកផ្លូវច្បាប់ដែលឈានដល់ការរំលាយបក្សចោលឡើយ។

តាមព័ត៌មានដែលចេញពីបន្ទាយចាក់អង្រែ ក្រុម សម រង្ស៊ី និយមចង់ឱ្យ កឹម សុខា លាលែងតំណែងដើម្បីជួយសង្គ្រោះបក្ស ប៉ុន្តែកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា ដែលអ្នកចាស់ទុំនយោបាយក្នុងបក្សមិនចូលចិត្តដោយសារតែ ចរិតក្រអឺតក្រទម ចេះចាត់ចែងការងាររំលោភលើតួនាទី ភារកិច្ចអាងតែខ្លួន កូនមេបក្សនោះ បានប្រកាន់ជំហរដាច់ខាតមិនឱ្យឪពុកខ្លួនលាលែងពីតំណែងប្រធានបក្សឡើយ គឺនៅបន្តរហូត។ គោលជំហរដែលធ្វើឱ្យកាន់តែមានកំហឹងពី ក្រុម សម រង្ស៊ី និយមទៀតដោយយល់ថា បើតៃកុងកាណូតមានជាប់ជំពាក់នឹង រឿងក្បត់ជាតិទៅហើយ មិនព្រមសម្លាប់តែជីវិតនយោបាយខ្លួនឯងទៅ ហេតុអ្វីបានជាចាំបាច់ធ្វើឱ្យ បក្សទាំងមូលរងគ្រោះប្រឈមមុខនឹងការរំលាយចោល និងសម្លាប់ជីវិតនយោបាយរបស់អ្នកដែលជិះកាណូតរួមជាមួយធ្វើអ្វី?

បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយសារតែ កឹម សុខា នោះ តំណែងទាំងអស់ដែលគណបក្សនេះមានរាប់ទាំងតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំសង្កាត់ ក៏នឹងរលាយតាមដែរ ហើយអាសនៈទាំងអស់ដែលមាននឹងត្រូវធ្វើការបែងចែកសាជាថ្មីដល់បក្សផ្សេង។ បើគ្រួសារ កឹម សុខា និងកូនស្រីធ្វើឱ្យបក្សរលាយ នេះមិនមែនជាគុណធម៌អ្នកនយោបាយចំពោះអ្នកគាំទ្របក្សនេះឡើយ។ កូនស្រីទាំងពីររបស់ កឹម សុខា ឥឡូវនេះហាក់ដូចជា
ឯកោ ហើយព្យាយាមទប់តំណែងរបស់ឪកុំឱ្យជ្រុះ ព្រោះបើតំណែងឪជ្រុះ អ្វីៗដែលពួកគេមានបច្ចុប្បន្ននេះបានតាមការឡើងតាមជើងខោ ក៏ជ្រុះទៅវិញតាមជើង ខោ កឹម សុខា ដែរ ហើយពួកគេនឹងអស់តម្លៃនយោបាយក្នុងក្រសែភ្នែកអ្នកចាស់ទុំក្នុងបក្ស។

ទី២៖ ខណៈភាពខ្វែងយោបល់គ្នាក្នុងបក្សនៅតែបន្ត មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា កឹម សុខា នឹងបន្តធ្វើជាប្រធានបក្ស សង្គ្រោះជាតិ
រហូត។ សារនេះត្រូវបានគេមើលឃើញថាគឺជាការលួងចិត្តកូនស្រី ទាំងពីររបស់ កឹម សុខា និងអ្នក កឹម សុខា និយម។ ប៉ុន្តែពួកគេដឹងថានៅពេល កឹម សុខា ត្រូវបានជំនុំជម្រះក្តី ហើយរកឃើញថាមានកំហុសពិតមែន នោះគឺជា ពេលវេលានៃការសម្រេចចិត្តពិតមួយរវាងថាតើសុខចិត្តសង្គ្រោះបក្ស ឬក៏ទុកបណ្តោយតាមកម្មព្រេងវាសនារបស់ កឹម សុខា? នៅចំពោះមុខស្ថានការណ៍នេះ ទម្រាំនីតិវិធីតុលាការចប់ គណបក្សសង្គ្រោះជាតិអាចបន្តរក្សាតំណែងប្រធានបក្ស ឱ្យ កឹម សុខា ដដែល ហើយបន្តធ្វើសកម្មភាពការទូតដើម្បីប្រមូលសម្ពាធនយោ បាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ក្រែងលោអាចជួយស្រោចស្រង់ស្ថានភាពបាន គឺ កឹម សុខា អាចនឹងត្រូវដោះលែងវិញតាមការទាមទារ ទោះបីសង្ឃឹមមានតិចតួចក៏ដោយ។ ហេតុដូច្នេះហើយបានជា មូរ សុខហួរ តំណាងឱ្យគណបក្សសង្គ្រោះជាតិ ប្រកាសថា បក្សប្រឆាំងនឹងធ្វើពហិកាចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ។ តើពិតជាច្បាស់ទេ?

ទំនងគ្រាន់តែជាការព្រមានដើម្បីស្វែងរកទម្ងន់នយោបាយប៉ុណ្ណោះ! បើបក្សសង្គ្រោះជាតិមិនចូលរួម បោះឆ្នោត ក៏ដំណើរការបោះឆ្នោតនៅតែមាន ហើយកម្ពុជាមិនមែន មានតែគណបក្សប្រឆាំងតែមួយនោះទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរយៈ អ្នកនាំពាក្យរបស់ខ្លួនក៏បានទះកំផ្លៀង មូរ សុខហួរ ដែរដោយបានលើក ឡើងថា ការចូលរួម ឬមិនចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តធម៌នៅកម្ពុជាទេ។ ចុងក្រោយ កឹម សុខា នឹងត្រូវបានគេស្នើឱ្យលាលែងពីតំណែងដើម្បីសង្គ្រោះបក្ស ហើយបើសិនជា កឹម សុខា ត្រូវបានរកឃើញថា មានទោសនៅមុនសមាជបក្សក្នុងខែមេសា ឆ្នាំ ២០១៨ ខាងមុខ លទ្ធភាពរកមេបក្សថ្មីដើម្បីជួយសង្គ្រោះបក្សអាចមានច្រើនជាងការរក្សាទុក កឹម សុខា នាំគ្រោះដល់
បក្សទាំងមូល។

ទី៣៖ ចំពោះមុខវិធានការច្បាប់ប្រឆាំង កឹម សុខា និងការវាយបំបែកល្បិចកលទុច្ចរិតក្នុងការធ្វើបដិវត្តន៍ផ្តួលរំលំរបបដឹកនាំ និងមេដឹកនាំតាមខ្សែញាក់របស់អាមេរិកនេះ គេមើលឃើញ គណបក្សសង្គ្រោះជាតិកំពុងព្យាយាមកែសេណារីយូនយោបាយរបស់ខ្លួនថ្មីដើម្បីបន្តបេសកកម្មក្នុងគម្រោងបដិវត្តន៍ពណ៌ ឬការផ្លាស់ប្តូរដោយអហិង្សា របស់ខ្លួន ដោយក្នុងនោះ មូរ សុខហួរ បានប្រកាសថា៖ ក-គណបក្សសង្គ្រោះជាតិនឹងធ្វើការជួបជុំដែលភាសាចំគឺធ្វើបាតុកម្មតវ៉ារៀងរាល់ថ្ងៃច័ន្ទ នៅមុខពន្ធនាគារត្រពាំងផ្លុង។ តើការតវ៉ានេះមានន័យយ៉ាងដូចម្តេច? គឺជាការតវ៉ាដែលបន្តផែនការថ្ងៃច័ន្ទពណ៌ខ្មៅដែលសង្គមស៊ីវិល និងសកម្មជនបក្សសង្គ្រោះជាតិ បានធ្វើក្នុងបុព្វហេតុសេរីភាព សិទ្ធិមនុស្ស។ ថ្ងៃច័ន្ទពណ៌ខ្មៅដែល អាជ្ញាធររដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់តាំងពីដើមរៀងមកដោយបាន បង្ក្រាបក្រុមពាក់អាវខ្មៅទាំងនោះដោយហេតុផលថាជាការប៉ុនប៉ងបំផ្ទុះបដិវត្តន៍ ពណ៌នៅកម្ពុជា។

បើការតវ៉ារៀងរាល់ថ្ងៃច័ន្ទ មានពាក់អាវពណ៌ខ្មៅ នោះវាជាភាព ស្របច្បាប់របស់អាជ្ញាធរក្នុងការបង្ក្រាបលើជនទាំងនោះរាប់ទាំងតំណាងរាស្ត្រផងដែរ។ ការជួបជុំតវ៉ារបស់ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងព្រឹទ្ធសមាជិកបក្ស សម រង្ស៊ី ត្រូវបានគេមើលឃើញថាគ្រាន់តែដើម្បីបង្ហាញរូបភាពទាក់ទាញ ចំណាប់អារម្មណ៍សាធារណៈមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ដើម្បីស្វែងរកក្តីអាណិតអាសូរនិងក៏ដើម្បីតេស្តជាមួយកម្លាំងសមត្ថកិច្ចថាតើគេនឹងចាត់វិធាន ​​ការយ៉ាងណា បើខ្លួនរៀបចំផែនការអុកឡុកពន្ធនាគារដូចពីមុន។ ខ-តាមរយៈ មូរ សុខហួរ គណបក្សសង្គ្រោះជាតិសុខចិត្តឱ្យគេរំលាយបក្សចោល តែមិនដូរប្រធានថ្មីក្រៅពី កឹម សុខា ព្រោះពួកគេយល់ថា បើ កឹម សុខា ត្រូវបានដកចេញពីតំណែងបក្ស នោះបក្សសង្គ្រោះជាតិប្រៀបបានទៅនឹងពស់គ្មានក្បាល ហើយ នឹបាត់បង់ទំនុកចិត្ត និងការគាំទ្ររបស់ម្ចាស់ឆ្នោត។ បក្សសង្គ្រោះជាតិបានមើល ឃើញពីបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ ហេតុដូច្នេះហើយបានជារុញទូក បណ្តាយទឹក ឱ្យរលាយបក្សក៏រលាយទៅចុះព្រោះបើចូលបោះឆ្នោតក៏មិនឈ្នះគណបក្សប្រជាជនកម្ពុជាដដែលជាដដែល។

ទី៤៖ ហេតុអ្វីបានជា មូរ សុខហួរ អនុប្រធានបក្សប្រកាសថា សុខចិត្តប្រកាសឱ្យបក្សសង្គ្រោះជាតិត្រូវបានគេរំលាយចោលដោយមិនតែងតាំងប្រធានថ្មីក្រៅពី កឹម សុខា? ចំណុចដែលសង្ស័យ គឺអាចអាមេរិកដែលជាឪបក្សប្រឆាំងនេះប្រាប់ឱ្យ ប្រកាសដូច្នេះដើម្បីដុតកំហឹងអ្នកគាំទ្ររបស់ខ្លួនឱ្យខឹងសម្បារនឹងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ងាយស្រួលពួកគេបន្តអនុវត្តផែនការបដិវត្តនពណ៌៍ប្តូររបបនិងមេដឹកនាំនៅកម្ពុជាតាមផែនការចាស់របស់ខ្លួន។

ផែនការធ្វើការផ្លាស់ប្តូរមេដឹកនាំកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន តាមរយៈការផ្តួលរំលំគណបក្ស ប្រជាជនកម្ពុជា ដែលពួកគេត្រៀមផ្តាច់ព្រ័ត្រនៅអំឡុងពេលបោះឆ្នោតខែ កក្កដា ឆ្នាំ ២០១៨។ ហេតុដូច្នេះហើយបានទាំងកូនស្រី កឹម សុខា និងមន្ត្រីបក្សប្រឆាំងនាំគ្នាទន្ទេញថាឆ្នាំ ២០១៨ គឺជាឱកាសចុងក្រោយក្នុងការផ្តួលរំលំរបបដឹកនាំនៅកម្ពុជា។ របបដឹកនាំបច្ចុប្បន្នដែលក្នុងក្រសែភ្នែកបក្សប្រឆាំងគឺជារបបផ្តាច់ការ ខណៈប្រជាជនភាគច្រើនលើសលប់កំពុងរីករាយនឹងសន្តិភាព សិទ្ធិសេរីភាព និងការអភិវឌ្ឍ និងជាប្រទេសពោរពេញដោយលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។ សេណារីយូរុញបក្សឱ្យរលាយដើម្បីយកលេសតវ៉ាប្រឆាំងនេះ និងឈានដល់ការផ្ទុះបដិវត្តន៍ពណ៌នេះ គឺជាសេណារីយូដ៏គ្រោះថ្នាក់មួយសម្រាប់ បក្សប្រឆាំង ខណៈពេលនេះផែនការសម្ងាត់របស់ខ្លួនត្រូវបានលាតត្រដាង។

គណបក្ស សង្គ្រោះជាតិក្រោមការជួយរៀបចំផែនការយ៉ាងច្បាស់លាស់ជាមុន និងមានការគាំទ្រពីអាមេរិកនេះធ្លាប់បានសាកល្បង តេស្តកម្លាំងសម្រាប់បដិវត្តន៍ពណ៌ម្តងរួចមកហើយ នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ហើយរូបភាពទាំងអស់នោះ គឺពិតជារូបភាពនៃបដិវត្តន៍ពណ៌ ហើយផែនការនេះប្រុងនឹងសម្រេចនៅឆ្នាំ ២០១៨ខាងមុខ។ តែផែនការនេះក៏កំពុងតែធ្លាក់ផ្លូវ និងបរាជ័យ ហើយពីពេលនេះតទៅមុខ! បើគណបក្សសង្គ្រោះជាតិនៅតែបន្តការពារជនក្បត់ជាតិ ដូចជា កឹម សុខា ធ្វើការតវ៉ា និងព្យាយាមបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គមនោះមានន័យថា មិនមែនត្រឹមតែ កឹម សុខា ម្នាក់ទេដែលក្បត់ជាតិ គឺគណបក្សសង្គ្រោះជាតិទាំងមូលតែម្តង ដែលពេលនោះទាំងមនុស្ស ទាំងបក្សប្រាកដជាមិនអាចរត់ រួចពីសំណាញ់ច្បាប់ឡើយ ហើយមួយសំណាញ់នេះនឹងធ្វើឱ្យជីវិតនយោបាយបក្សសង្គ្រោះជាតិរលាយដូចផេះ។

ដូច្នេះ ទោះរៀបចំសេណារីយូថ្មីយ៉ាងណាក៏ដោយ បក្សសង្គ្រោះជាតិ និងបរទេសដែលគាំទ្រខ្លួននឹងជួបតែបរាជ័យ។ តើពួកគេគួរបន្តចាញ់បោកអាមេរិកទៀតដែរឬទេ ខ្មែរជាឧទាហរណ៍ស្រាប់។ ពីអតីតកាលតើខ្មែររងទុក្ខវេទនាយ៉ាងណាខ្លះ ហើយបច្ចុប្បន្ន កម្ពុជាមានអ្វីខ្លះ? ហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួនមិនបញ្ឈប់កំអែលបរទេសនិយម ហេតុអ្វីបានចូលចិត្តយកឈាមកម្ពុជាទៅលាងជើងអាមេរិក? កម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា ហើយប្រជាជនកម្ពុជាជ្រោងទង់ជាតិប្រឆាំងនឹងអ្នកប៉ុនប៉ងបំផ្លាញកម្ពុជាគ្រប់រូបភាព ដើម្បីបុព្វហេតុសន្តិភាព និងការភិវឌ្ឍជាតិ៕

ដោយ៖ ចៅចាក់ស្មុក