(ភ្នំពេញ)៖  ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (First They Killed My Father) ជាភាសាខ្មែរដែលបានផលិតឡើងដោយក្រុមហ៊ុន Netflix នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Westec Media Limited មុននឹងចាក់បញ្ចាំងខ្សែភាពយន្តនេះទូទាំងពិភពលោក ដោយក្រុមហ៊ុន Netflix នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ក្រោមការដឹកនាំដោយ លោកស្រី Angelina Jolie ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្ត ប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់ របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិត ពីរបបខ្មែរក្រហម ដ៏សាហាវយង់ឃ្នងពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ សាច់រឿង ត្រូវបានរៀបរាប់ តាមការមើលឃើញ របស់អ្នកស្រី តាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

ខ្សែភាពយន្តរឿងនេះឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហម។ វាផ្តោតសំខាន់លើសេចក្ដីស្រឡាញ់និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ។

ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ បានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៨ខែកម្ភៈកន្លងមក នៅលានជល់ដំរីនៅបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាក្រោមវត្តមានព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ  ហើយនិងមានការអញ្ជើញចូលរួមពីមន្រ្តី និងឥស្សរជនសំខាន់  អ្នកតំណាងមកពីសង្គមកម្ពុជា ដោយផ្តល់អាទិភាព ដល់អ្នករស់រានមានជីវិតពី របបខ្មែរក្រហមក៏ដូចជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនិងអង្គការអប់រំប្រវត្តិសាស្រ្តនៅក្នុងតំបន់។

ខ្សែភាពយន្តនេះ ត្រូវបានថត ក្នុងទីតាំងប្រទេសកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦។ ខ្សែភាពយន្តនេះបានថតជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែភាពយន្តខ្នាតធំជាងគេ ដែលមិនធ្លាប់បានផលិតឡើងក្នុងប្រទេសនេះ។ អ្នកបច្ចេកទេស សិប្បករ និងអ្នកជំនាញផ្នែកសិល្បៈ ជាជនជាតិខ្មែរបានចូលរួមយ៉ាងច្រើនបំផុត ក្នុងក្រុមការងារថតខ្សែភាពយន្តនេះ រួមជាមួយតួអង្គសម្តែងតូចតាចចំនួនជាង ៣,៥០០នាក់។

តួសម្ដែងក្នុងខ្សែភាពយន្តនេះ សុទ្ធសឹងតែជាតារាតួសម្តែងខ្មែរភាគច្រើន ដែលបានលេចមុខក្នុងខ្សែភាពយន្តនេះជាលើកដំបូង។ ស្រីម៉ុច សារឿម ដែលបានដើរតួអង្គសំខាន់របស់អ្នកស្រី អ៊ឹង លួង ដែលមានអាយុពីប្រាំទៅប្រាំបួនឆ្នាំ ហើយនិងលាតត្រដាងពីទិដ្ឋភាពនៃរឿងនេះដែលស្ថិតនៅក្នុងសាលារៀនអង្គការមនុស្សធម៌មួយក្នុងតំបន់។ តួអង្គឪពុកម្តាយរបស់អ្នកស្រី អ៊ឹង លួង  ត្រូវបានសម្តែងដោយលោកភឿង កុម្ភៈ និងអ្នកនាង ស្វែង សុជាតា។ បងប្អូនរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយនីតា  និងនីកាសារុន (ហៅហ្គិច) រុន ចិន្តា (ជូ) មុន គឹមហាក់ (គឹម) អូន ស្រីនាង (គាវ) ឃួនសុធា (គួយ) និងហេង តារា (ម៉េង) ។

ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តដើមរបស់ក្រុមហ៊ុន Netflix Inc ដែលផលិតដោយអ្នកស្រី អែនជឺលីណា ជោលី លោក ប៉ាន់រិទ្ធី ជាអ្នកដឹកនាំរឿង និងផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលបានដឹកនាំរឿង «ការបាត់បង់រូបភាព» ដែលភាសាអង់គ្លេសហៅថា «the missing picture» បានជាប់ឈ្មោះ ជាបេក្ខជនក្នុងការប្រកួតប្រជែង វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អូស្កា និងលោក Michael Vieira ផលិតករខ្សែភាពយន្តល្បីល្បាញនៃរឿង (By the Sea) ។ លោក   Xavier Box (រឿងUmrika) និងអ្នកស្រី Patricia Rommel (រឿង The Lives of Others) គឺជាអ្នកកាត់តនៃខ្សែភាពយន្តនេះ។

អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner (រឿង Bridge of Spies) និង Charles Schissel (រឿង The Prestige) គឺជាផលិតករប្រតិបត្តិនៃខ្សែភាពយន្តនេះ។ លោក Anthony Dod Mantle ជាអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់ Academy Award (រឿង Slumdog Millionaire) គឺជាអ្នកដឹកនាំផ្នែកថតរូប។

លោកអ្នកអាចកក់សំបុត្រដោយផ្ទាល់ ឬតាមអនឡាញ តាមម៉ោងបញ្ចាំងភាពយន្តនេះ ដែលអ្នកអាចជ្រើសរើសនៅលើគេហទំព័រដូចខាងក្រោម៖
http://cinema.org.kh  
http://legend.com.kh  
http://www.majorcineplex.com.kh/cinema/
http://primecineplex.com
https://barayandetcinema.com/