(រតនគិរី)៖ ក្រុមជីកត្បូង នៅចំណុចចំការកៅស៊ូ និងចំការស្វាយចន្ទី​ ស្ថិតក្នុងភូមិចងរ៉ា ឃុំកាឡែង ស្រុកលំផាត់ ប្រឈមមុខគ្រោះថ្នាក់ខ្ពស់ ដោយសារតែរណ្តៅមានជម្រៅ ចាប់ពី៧ម៉ែត្រ ទៅ១៥ម៉ែត្រ ប៉ុន្តែជីកដោយដៃគ្មានឧបករណ៍ តាមលក្ខណៈបច្ចេកទេសនោះទេ។

បើតាមក្រុមអ្នកជីកត្បូង បានរៀបរាប់ឲ្យដឹងថា ពួកគាត់មកពីស្រុកក្រោម ដោយពួកគាត់ខ្លះទិញរណ្តៅពីម្ចាស់ចំការ ក្នុងមួយរណ្តៅតម្លៃ១៥ម៉ឺនរៀល ហើយក្រុមខ្លះទៀត ជីកឲ្យថៅកែត្បូង (កុងសែ) ដែលទិញដីពីម្ចាស់ចំការដាច់ក្នុងតម្លៃ១ហិកតា៦,០០០ដុល្លារ។ ពួកគាត់​បន្តថា របរជីកត្បូងនេះ អាចដោះស្រាយជីវភាពគ្រប់គ្រាន់ ពេលខ្លះហេងជីកចំរណ្តៅមានត្បូងច្រើន។

​លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពល បានបញ្ជាក់ថា ​ទីតាំងខាងលើនេះ មានច្បាប់ត្រឹមត្រូវ ដែលអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។

ចំណែកឯប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា ទីតាំងជីករ៉ែត្បូងខាងលើនេះ មានថៅកែត្បូងដែលឈរចាំទិញយកទៅលក់បន្ត ជាអ្នករ៉ាប់រងបង់លុយប្រចាំខែ ឲ្យសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ទើបអាចដំណើរការបាន ព្រោះប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិតណាស់។

គួរបញ្ជាក់​ថា ទីតាំងជីករ៉ែត្បូងខាងលើនេះ កន្លងមកថ្មីៗដោយសារខ្វះលក្ខណៈបច្ចេកទេសនោះ បាក់ដីសង្កត់លើកម្មករជនជាតិ២នាក់ស្លាប់ យ៉ាងអាណោចអធ័ម រួចមកហើយផងដែរ៕