(ក្វាងស៊ី, ចិន)៖ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន បានប្រកាសជួយរាល់ទុក្ខលំបាករបស់ប្រទេសកម្ពុជា ដោយមិនឈរមើលនោះឡើយ ហើយថែមទាំងប្រកាសការពារទំនាក់ទំនងកម្ពុជា-ចិន មិនឲ្យនរណាបំបែកបាននោះឡើយ។

ការបញ្ជាក់ដ៏ម៉ឺងម៉ាត់ក្នុងការជួយនូវទុក្ខលំបាករបស់កម្ពុជា ពីមហាមិត្តចិននេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនីស្តចិន នៅក្រុងណាននីងខេត្តក្វាងស៊ី ប្រទេសចិន ទីដែលសម្តេចតេជោ អញ្ជើញចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន។

លោក សុង ថាវ បានបញ្ជាក់ថា «កម្ពុជា គឺមិត្ត និងបងប្អូនដ៏ល្អរបស់ប្រទេសចិន។ ក្នុងនាមជាបងប្អូន ប្រសិនបើកម្ពុជា ជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាម ដើម្បីជួយទៅតាមលទ្ធភាពជាក់ស្តែង គឺមិត្តចិនមិនឈរមើលឡើយ»។

លោក សុង ថាវ ក៏បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន ផងដែរថា មិត្តចិន បានគាំទ្រជំនរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបាន ខ្លាំងថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរឲ្យបានច្រើន ហើយចិនរីករាយក្នុងការបន្តជួយបណ្តុះបណ្តាលធនធានសមត្ថភាពកម្ពុជា ជាពិសេសតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនីស្តចិន ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលគាំទ្រផលប្រយោជន៍ស្នូលរបស់មិត្តចិន ហើយតាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺបានរឹតបន្តឹងចំណងមិត្តភាពជាបងប្អូនដែលគ្មានប្រទេសណាមកបំបែកបំបាក់បានឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អរគុណមិត្តចិនដែលនៅតែបន្តគាំទ្រ និងជួយកម្ពុជាគ្រប់ពេល។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជម្រាបជូនមិត្តចិនអំពីស្ថានភាពនយោបាយ និងសង្គមដែលស្ថិតក្នុងបរិយាកាសល្អជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច ដោយបានបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់មិត្តចិនបានឡើយ៕