(ឧត្តរមានជ័យ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ​ បានដឹកនាំមន្រ្តីរាជការ ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់កម្លាំងយោធា នៅវរការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ ឈរជើងក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅចំពោះមុខកងទ័ពទាំងអស់លោក ស៊ុន ចាន់ថុល ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងសំរាប់អាណត្តិក្រោយៗទៀត។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា «ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិសយ័ ដែលកត្តានេះផ្តើមចេញពីការចូលរួមចំណែករបស់យើងទាំងអស់គ្នា ពិសេសបងប្អូនកងទ័ពរបស់យើង  បានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិឲ្យមានភាពសុខសាន្ត ការពារបូរណៈភាពទឹកដី មិនឲ្យមានការបាត់បង់»។

លោក ស៊ុន ចាន់ថុល បានបន្តថា ស្របពេលប្រទេសជាតិ មានការអភិវឌ្ឍន៍កំណើនប្រជាពលរដ្ឋមានការកើនឡើង រាជរដ្ឋាភិបាលបានឲ្យក្រសងសាធារណការកែប្រែ ពង្រីកផ្លវមួយចំនួនដែលពីមុនមាន២ខ្សែយើងពង្រីកឲ្យដល់៤ខ្សែ និងមានគម្រោងធ្វើស្ពានឆ្លងទន្លេមេគង្គមួយកន្លែងទៀត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី ក៏សូមអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធរបស់យើង ត្រូវការពារជាតិ សាសនា ព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់កងទព័របស់យើងមុនឱកាសបុណ្យភ្ជុំបិណ្ឌ លោកទេសរដ្ឋមន្ត្រី បានប្រកាសឧបត្ថម្ភថវិកា ដល់នាយ និងពលទាហាន400នាក់ ក្នុងម្នាក់ៗទទួលបានថវិកា20000រៀល ឧបត្ថម្ភទីបញ្ជាកាថវិកា20លានរៀល​ ទឹកត្រី200យួរ ទឹកស៊ីវអ៊ីវ២០០យួរ អង្ករ5តោន ទឹកសុទ្ធ400កេស និងសម្ភារមួយចំនួនទៀត ព្រមទាំងដោះស្រាយតាមសំណើរររបស់អង្គភាពមួយចំនួនទៀត៕