(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទកាសែតបង្ហាញមុខ ក្រុមជនជួញដូរគ្រឿងញៀន៤នាក់ រួមជាមួយថ្នាំញៀនជិត៨គីឡូក្រាម ដែលបង្ក្រាបបានកាលពីម្សិលមិញ។
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល «ក៩» នៃមន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនជាង៨គីឡូក្រាម ម៉ូតូ២គ្រឿង ទូរស័ព្ទ៥គ្រឿង ស្ថិតនៅចំណុចផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៤នាក់។
លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» ជនសង្ស័យដែលឃាត់ខ្លួនទាំង៤នាក់នេះ ទី១៖ ឈ្មោះ ហៀក ដារ៉ា អាយុ៥៣ឆ្នាំ អ្នករៀបចំនៅភ្នំពេញ ការទំនាក់ទំនង លក់គ្រឿងញៀន, ទី២៖ ឈ្មោះ សូគី ថនថៃ អាយុ២៤ឆ្នាំ មានទីលំនៅពិត ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល លូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកកាន់គ្រឿងញៀនមកឲ្យ, ទី៣៖ ឈ្មោះ ស៊ុម ម៉ៃ អាយុ២៧ឆ្នាំ អ្នកកាន់គ្រឿងញៀនមកឲ្យ និងទី៤៖ ឈ្មោះ សែន ឫទ្ធី អាយុ៣៩ឆ្នាំ។
លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ បន្ថែមថា ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់នេះ កម្លាំងជំនាញបន្តទៅឆែកផ្ទះរបស់ឈ្មោះ ហៀក ដារ៉ា នៅផ្ទះលេខ៣០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផល រកឃើញសារធាតុញៀនចំនួន០២កញ្ចប់តូច ប្រហែល២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១ និងហៅប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ឆ្នាំ ដើម្បីសាកសួរបន្ត។ ជាមួយនឹងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ត្រូវបាននាយការិយាល័យរូបនេះអះអាងថា ដកហូតថ្នាំញៀនជាក់ស្ដែង ៨កញ្ចប់ធំ ប្រហែលជិត៨គីឡូក្រាម ម៉ូតូ២គ្រឿង និងទូរស័ព្វ៥គ្រឿង។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង, លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោក ពៅ សំអេង នាយករងមន្ទីរ និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ៕