(ភ្នំពេញ)៖ ប្រតិបត្តិការរយៈពេល៣ថ្ងៃ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍នានាទូទាំងខណ្ឌ បានធ្វើការបង្ក្រប និងឃាត់បានម៉ូតូស៊េរីទំនើបៗ ចំនួន៣០គ្រឿង ដែលម៉ូតូទាំងនោះមួយចំនួន អត់ស្លាកលេខ, កែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេងរំខាន ដល់អ្នកដំណើរតាមដងផ្លូវ ធ្វើឲ្យបាត់បងសណ្ដាប់ធ្នាប់សារធារណៈ, ម៉ូតូដែលកែច្នៃដៃចង្កូត និងទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រជាដើម។
ក្រោយបង្ក្រាប និងចាប់ប្រមូលបាននោះ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន អធិការនគរបាលខណ្ឌ បានរៀបចំធ្វើសន្និសិទកាសែត បង្ហាញជូនសាធារណៈជន ដើម្បីកុំឲ្យយកតម្រាប់តាមម្ចាស់ម៉ូតូទាំងនោះ ព្រោះជាគំរូអាក្រក់បំផុត។
លោក យឹម សារ៉ាន់ បានថ្លែងថា ប្រតិបត្តិការខាងលើនេះ បានអនុវត្តតាមបទបញ្ជាដ៏តឹងរ៉ឹងរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលនៅរយៈពេល៣ថ្ងៃប៉ុណ្ណោះ ឃាត់បានចំនួន៣០គ្រឿង ក្នុងនោះមានម៉ូតូអត់ស្លាកលេខចំនួន៩គ្រឿង, ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេងលាន់ឮខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋចំនួន៧គ្រឿង និងម៉ូតូកែច្នៃខុសទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រចំនួន១៤គ្រឿង ហើយក្រោយពេលឃាត់បាន កម្លាំងបានរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការអប់រំណែនាំដល់ម្ចាស់ និងធ្វើកិច្ចសន្យារួចឲ្យគាត់កែសម្រួល ឲ្យដូចទ្រង់ទ្រាយដើមឡើងវិញ ទើបប្រគល់ឲ្យធ្វើចរាចរណ៍តាមដងផ្លូវ។
លោកអធិការបានបន្តថា ការបង្ក្រាបនិងឃាត់ម៉ូតូខាងលើ ធ្វើឡើងក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ មិនមែននគរបាលជាអ្នកគ្រោះថ្នាក់នោះឡើយ ពោលគឺម្ចាស់ម៉ូតូ និងអ្នកធ្វើដំណើរផ្សេងៗ មិនតែប៉ុណ្ណោះអ្នកខ្លះមានម៉ូតូល្អជិះ ប៉ុន្តែបែរជាជិះគេចនគរបាលទៅវិញ ព្រោះតែម៉ូតូរបស់ខ្លួនកែច្នៃខុសបច្ចេកទេស និងគ្មានស្លាកលេខ ដូច្នេះធ្វើអ្វីៗគួរតែបោះបង់វិធីនេះចោល ហើយងាកមកគោរពច្បាប់ទាំងអស់គ្នាវិញ ទើបគ្មានបញ្ហាកើតឡើង។
លោកអធិការបានបញ្ជាក់ថា ក្នុងនាមអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំង នៅតាមខេត្ត និងរាជធានីភ្នំពេញទេ សូមបងប្អូនប្រើប្រាស់ម៉ូតូឲ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ប្រើប្រាស់ដងផ្លូវ គឺគោរពច្បាប់ទាំងអស់គ្នា ចៀសវាងនូវឧប្បត្តិហេតុផ្សេងៗ ដែលបានកើតឡើងជាយថាហេតុ។ លើកនេះត្រឹមធ្វើកិច្ចសន្យា និងអប់រំ ហើយបើលើកក្រោយពួកគាត់ នៅតែមិនព្រមមានការរាងចាលទៀតនោះ ពេលចាប់បានលើកក្រោយ និងទុករយៈពេលវែង មិនប្រគល់ឲ្យធ្វើចរាចរណ៍លើដងផ្លូវឡើយ ឬក៏បញ្ជូនចាត់ការតាមច្បាប់តែម្ដង៕