(តាកែវ)៖ អាត្រាសិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងខេត្តតាកែវ នាឆ្នាំសិក្សា២០១៧នេះ កាន់តែមានចំនួនច្រើនឡើង បើប្រៀបធៀបទៅឆ្នាំ២០១៦កន្លងមក, នេះបើយោងតាមលទ្ធផលប្រឡង ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្សាយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ឮ
លទ្ធផលដែលក្រសួងអប់រំ បានបិទប្រកាសនេះបង្ហាញថា មានបេក្ខជននៅក្នុងខេត្តតាកែវ បានប្រឡងជាប់តែ៤,៣៨៨នាក់ប៉ុណ្ណោះ ក្នុងចំណោមសិស្ស ដែលចូលរួមប្រឡងចំនួន៨,៩៨៧នាក់ បើគិតជាភាគរយ គឺសិស្សជាប់តែចំនួនប្រមាណ៤៨ភាគរយប៉ុណ្ណោះ ហើយសិស្សជាប់និទ្ទេសA មានចំនួនតែ៨នាក់ បើប្រៀបធៀបធៀបទៅនឹងឆ្នាំ២០១៦កន្លងមក ចំនួនសិស្សប្រឡងជាប់ មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ពោលកាលពីឆ្នាំ២០១៦ សិស្សប្រឡងជាប់មាន ប្រមាណ៥៦ភាគរយ និងសិស្សនិទ្ទេសA មានចំនួន១១នាក់។
មន្រ្តីអប់រំម្នាក់បានបង្ហើបថា អាត្រាសិស្សប្រឡងធ្លាក់កាន់តែច្រើនឡើងនេះ បានបង្ហាញពីភាពខ្សោយ នៃការបង្រៀនសិស្សរបស់ក្រុមគ្រូបង្រៀនមួយចំនួន ជាពិសេសការគ្រប់គ្រងមិនបានល្អ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ហើយមន្ទីរមួយនេះ មានបញ្ហាទំនាស់ផ្ទៃក្នុង មិនចេះចប់មិនចេះហើយ។
បើតាមមន្ដ្រីរូបនេះ ថ្នាក់ដឹកនាំមន្ទីរឈ្លោះគ្នាតែរឿងតំណែង និងប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយសាលាខ្លះ ដូចជាវិទ្យាល័យ ជាស៊ីមខេត្តតាកែវ ជាដើម នាយក និងនាយករងឈ្លោះគ្នាផ្អើលសិស្ស ដែលធ្វើឲ្យគ្រូមួយចំនួន ប្រកាន់បក្សពួកដែលនាំឲ្យការបង្រៀនរបស់គ្រូ មានភាពកម្សោយជាទីបំផុត ដែលធ្វើសិស្សបាត់បង់វិន័យ ហើយសិស្សខ្លះបានប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលា និងខ្លះក្លាយជាបងតូចបងធំថែមទៀតផង។
ប្រភពបន្ថែមថា វិស័យអប់រំក្នុងខេត្តតាកែវ និងអាចស្ដាឡើងវិញបានទាល់តែ ក្រសួងបញ្ជូនមន្រ្តី ពីក្រសួងចុះមកធ្វើអធិការកិច្ច ពីការគ្រប់គ្រងមន្ទីរ និងនៅតាមសាលាមួយចំនួន ហើយដោះស្រាយបញ្ហាទាំងអស់ឲ្យជ្រះស្រលះទើប ការអប់រំចាប់ផ្ដើមប្រសើរឡើងវិញ។ បើក្រសួងនៅមិនអើពើ ហើយបណ្ដោយឲ្យស្ថានការណ៍ដូចសព្វថ្ងៃនេះ មន្រ្តីមន្ទីរមួយចំនួន ដែលមានបក្សពួក និងហៃអើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន នឹងធ្វើឲ្យមន្ទីរនេះ កាន់តែមានបញ្ហាធំឡើង រីឯសាលាក៏ដូច្នោះដែរ ក្រសួងត្រូវតែចុះពិនិត្យពីទំនាស់បុគ្គល ដែលនាំឲ្យប៉ះពាល់ ដល់ការបង្រៀនសិស្ស។
ពាក់ព័ន្ធបញ្ហាសិស្សប្រឡងធ្លាក់ច្រើននេះ លោក សៀវ សាខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានថ្លែងថា លោកមិនបានបន្ទោសគ្រូ ឬសិស្សនោះទេ ធ្វើម្ដេចបើសិស្សខំអស់លទ្ធភាពហើយ តែនៅប្រឡងធ្លាក់ទៀត ហើយសិស្សនៅខេត្តគេដទៃ ក៏ប្រឡងធ្លាក់ច្រើនដែរ។
លោកអះអាងថា ដើម្បីឲ្យសិស្សអាចប្រឡងជាប់ច្រើន នៅឆ្នាំក្រោយនោះ លោកនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្រៀន និងជម្រុញឲ្យសិស្សខិតខំរៀនសូត្រ ឲ្យកាន់តែខ្លាំងក្លាជាងមុន៕