(ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់ល្បីៗរបស់បារាំងចំនួន៦ បានថ្លែងសន្យាថា ពួកគេនឹងរួមគ្នាជួយពង្រឹងការបណ្តុះបណ្តាលលើជំនាញ សំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិចនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ឲ្យកាន់ខ្លាំងក្លាថែមទៀត។

ការសន្យារបស់ក្រុមហ៊ុនទាំងនេះ បានធ្វើឡើងក្នុងពេលគណៈប្រតិភូក្រុមហ៊ុនសំណង់របស់បារាំងទាំង៦ ដែលដឹកនាំដោយលោក YANNIK Barrot  និង លោក ឈរ ប៊ុនសាម ចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ CUS ដឹលនាំដោយលោក ស្តើង សុខុម ជាសាកលវិទ្យាធិការ។ ការពិភាក្សានេះ ដើម្បីរកលទ្ធភាពពង្រឹងពង្រីកការបណ្តុះបណ្តាលលើជំនាញសំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិច នៅសាកលវិទ្យាល័យដែលមានល្បីបោះសំឡេងនៅក្នុងប្រទេសកម្ពុជាមួយនេះ។

លោក ស្តើង សុខុម បានថ្លែងក្នុងឱកាសនោះថា បច្ចុប្បន្នកម្ពុជា ទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណបក្សប្រជាជន ដែលជាមូលដ្ឋានជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចសង្គមជាតិមានកំណើនជាមធ្យម ៧ភាគរយជាប់ៗគ្នាក្នុងមួយឆ្នំាៗរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ រហូតធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចបានល្អជាងគេក្នុងពិភពលោក ហើយបានហៅកម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់អាស៊ី។

ក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យនោះ លោកបណ្ឌិត ស្តើង សុខុម ដែលមានតួនាទីជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ CUS បានបញ្ជាក់ប្រាប់ប្រតិភូថា កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតមិនដូចពីអតីតកាលនោះទេ។

លោក ស្តើង សុខុម បញ្ជាក់ថា «ពេលនេះរាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាងក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ចូលរួមធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ពង្រីកទីផ្សារថ្មី ដូចជាចិន ជប៉ុន សហគមន៍អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែលទាំងនេះបាននឹងកំពុងជំរុញឱ្យពលរដ្ឋកម្ពុជាមានតម្រូវការខ្ពស់លើ វិស័យសំណង់ អគ្គិសនី-អេឡិចត្រូនិច ដែលមានគុណភាពខ្ពស់»។

លោកសាកលវិទ្យាធិការ បានបញ្ជាក់ប្រាប់ប្រតិភូក្រុមហ៊ុនបារាំងបន្ថែមទៀតថា «នេះជាឱកាសមួយថ្មីទៀតសម្រាប់ក្រុមហ៊ុនបារាំងក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យ-សំណង់ អគ្គិសនី-អេឡិចត្រូនិច នៅលើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះវិស័យសំណង់អគ្គិសនី-អេឡិចត្រូនិច ក៏បានស្រូបយកកម្លាំងពលកម្មនិស្សិត និងយុវជនកម្ពុជាយ៉ាងច្រើនផងដែរ ដែលទាំងនេះជាការចូលរួមអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ចសង្គម ធនធានមនុស្ស និងចំណងសាមគ្គីភាពរវាងកម្ពុជា និងបារំាំង»។

លោក ស្តើង សុខុម ក៏បានឲ្យដឹងផងដែរថា ផ្អែកតាមបទពិសោធន៍ជោគជ័យក្នុងការងារបណ្តុះបណ្តាលធនធានមនុស្សនៅឧត្តមសិក្សាជាង ៤ម៉ឺននាក់ រយៈពេលជិត ២០ឆ្នាំមកនេះ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ក្រៅពីបាននិងកំពុងខិតខំបណ្តុះបណ្តាលនិស្សិតឱ្យមានគុណភាព សមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អប្រពៃលើ ៥មហាវិទ្យាល័យ និង ២៣ឯកទេស សាកលវិទ្យាល័យបានដាក់ចេញទិសដៅពង្រឹងបន្ថែមទៀតនូវជំនាញវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី-អេឡិចត្រូនិច វិស្វកម្មកុំព្យូទ័រ និងបណ្តាជំនាញឯកទេសសំខាន់ៗមួយចំនួនទៀត ដោយបំពាក់បន្ថែមទៀតនូវសៀវភៅសិក្សាស្រាវជ្រាវ LCD កុំព្យូទ័រសម្រាប់ការស្រាវជ្រាវមានល្បឿនលឿន ការដ្ឋានសំណង់ ឧបករណ៍ពិសោធន៍ វាស់ស្ទង់…ដោយផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

នៅក្នុងជួបពិភាក្សានោះ គណៈប្រតិភូក្រុមហ៊ុនសំណង់បារំាង និងគណៈគ្រប់គ្រងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានយល់ស្របគ្នាថា នឹងខិតខំរកលទ្ធភាព ដើម្បីជួយធ្វើទំនើបកម្មការបណ្តុះបណ្តាលជំនាញសំណង់ អគ្គិសនី-អេឡិចត្រូនិច ឲ្យកាន់តែមានគុណភាពខ្ពស់បន្ថែមទៀត ពិសេសគឺរកលទ្ធភាពរួមគ្នាអភិវឌ្ឍន៍វិស័យសំណង់ អគ្គិសនី-អេឡិចត្រូនិច នៅកម្ពុជា៕