(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការមួយចំនួន សហការជាមួយ គណៈប្រតិភូ «ក្បួនរថយន្តមិត្តភាព» ដែលដឹកនាំដោយលោកស្រី ង្វៀន ធិធូណា សមាជិកគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនីសវៀតណាម ប្រធានសហព័ន្ធនារីវៀតណាម បាននាំអំណោយមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ដែលមកពី៥ឃុំ ស្មើនឹង៦១ភូមិ នៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងថា ដំណើរទស្សនកិច្ចមិត្តភាពរបស់ គណៈប្រតិភូនាថ្ងៃនេះ រឹតតែពង្រឹងចំណងមេត្រីភាពរបស់កម្ពុជា-វៀតណាម ដែលមានអាយុកាល៥០ឆ្នាំកន្លងមកនេះ ឲ្យរឹងមាំ និងយូរអង្វែង តទៅមុខទៀត។

លោស្រី ង្វៀន ធិធូណា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានយកចិត្តទុកដាក់ និងស្វាគមន៍ដំណើរទស្សនៈកិច្ចមិត្តភាពផ្លាស់ប្តូរ បទពិសោធន៍ លើទឹកដីខេត្តកំពង់ធំនេះ។ លោកស្រីបានបន្ថែមថា  អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ គឺជាអំណោយរបស់សប្បុរស ជនវៀតណាម តាមរយៈសហព័ន្ធនារីវៀតណាម ដោយយោងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ជាមួយសហព័ន្ធនារីវៀតណាម ឆ្នាំ២០១២ ដល់២០១៧ និងដើម្បីអបអរសាទរខួបទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-វៀតណាម។

នៅក្នុងឱកាសនោះផងដែរ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានសម្តែងនូវការស្វាគមន៍ និងលើកឡើងថា អំណោយនេះ ត្រូវចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ  ដែលមកពី៥ឃុំ ស្មើនឹង ៦១ភូមិ ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នូវសម្ភារៈមួយចំនួនដូចជា៖ អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ៦កំប៉ុង ប៊ីចេង១កញ្ចប់ ស្ករសរ១កញ្ចប់ ភួយ១ សារ៉ុង១ សាប៊ូ៤គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕