(ភ្នំពេញ)៖ តាមរយៈវីដេអូអប់រំជិត ៤នាទី បានបង្ហាញថា គ្រួសារតូចមួយដែលមានសមាជិក៣នាក់ ដែលកំពុងតែមានសុភមង្គល និងភាពសប្បាយរីករាយនោះ បែរជា​ត្រូវសោះអង្គើយ កើតអំពើហិង្សា និងមានទំនាស់ក្នុងគ្រួសារជាបន្តបន្ទាប់ ក្រោយពេលស្វាមីជាបង្អែកគ្រួសារលង់ខ្លួនជាមួយគ្រឿងញៀនតាមការអូសទាញរបស់អ្នកជួញដូរគ្រឿងញៀន។

តាមរយៈវីដេអូអប់រំ ដែលផលិតដោយនាយកដ្ឋានផ្សព្វផ្សាយ និងអប់រំនៃក្រសួងមហាផ្ទៃ បានបង្ហាញថា មិនត្រឹមតែបុរសជាមេគ្រួសារប៉ុណ្ណោះទេ ដែលលង់ខ្លួនប្រើប្រាស់គ្រឿងញៀន រូបគេថែមទាំងអូសទាញភរិយាជាទីស្រលាញ់ឲ្យប្រើប្រាស់គ្រឿងញៀនបន្ដទៀត។

ទីបំផុតទាំងស្វាមី និងភរិយា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងចុះបង្ក្រាប ដោយចាប់ខ្លួនពេលពួកគេកំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ។ វីដេអូអប់រំនេះ បានបង្ហាញថា ព្រោះតែឥទ្ធិពលនៃគ្រឿងនេះ បានបំផ្លាញក្រុមគ្រួសារមួយ ដែលធ្លាប់តែមានភាពសប្បាយរីករាយ និងប្រកបដោយសុខសុភមង្គល ត្រូវប្រែទៅជាអពមង្គល ជាពិសេសធ្វើឲ្យកូនស្រី ដែលនៅវ័យក្មេងនៅឡើយនោះ ត្រូវបាត់បង់អស់ភាពកក់ក្តៅ និងការថ្នាក់ថ្នមរបស់ឪពុកម្ដាយ។ «តើ​អនាគតកូនជាទីស្រឡាញ់ នឹងទៅជាយ៉ាងណា?»។

នាយកដ្ឋានផ្សព្វផ្សាយ និងអប់រំនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា វីដេអូអប់រំ ត្រូវបានដកស្រង់ចេញពីរឿងពិតនៃជីវិតគ្រួសារប្រជាពលរដ្ឋខ្មែរមួយ ដែលត្រូវរងគ្រោះ និងបំផ្លាញដោយសារគ្រឿងញៀន៕