(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ សុវត្ថិភាពម្ហូបអាហារ និងពន្យល់ណែនាំ ចែកស្ទីកឃ័រ របៀបជ្រើសរើសអាហារ ដែលមានសុវត្ថិភាព ដល់អាជីវករ លក់ដូរ និងប្រជាពលរដ្ឋ នៅផ្សារតំបែរ ក្នុងស្រុកតំបែរ និងផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស ម៉ោរា បានថ្លែងថា «ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោកផ្ទាល់ និងមន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៏បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាពយកមកទទួលទាន»។

ប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យផ្សារតំបែរ និងផ្សារស្ទឹង ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើតេស្តឃីដ លើត្រីងៀតក្រហម ត្រីងៀតសំយ៉ុង និងគ្រឿងសមុទ្រ មានដូចជា៖ មឹក និងបង្គារ គឺពុំមានផ្ទុកសារធាតុគីមីបន្ថែម ដែលធ្វើឲ្យទុកបានយូរ មិនស្អុយ នៅស្រស់ល្អ ដែលធ្វើឲ្យខូចគុណភាពនោះឡើយ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យគុណភាពទំនិញនានា ដែលដាក់លក់នៅលើផ្សារទាំង២ខាងលើ ដោយបានពិនិត្យឃើញ ទឹកក្រូចហួសកាលបរិច្ឆេទ មួយចំនួនតូច យកទៅកម្ទេចចោលផងដែរ ។

លោក មាស ម៉ោរា បានបញ្ជាក់ទៀតថា លទ្ធផលដែលទទួលបាននាថ្ងៃនេះ ទោះបីប្រទះឃើញមានទំនិញហួសកាលបរិច្ឆេទតិចតួចក៏ដោយ តែវាជាលទ្ធផលដ៏ល្អបន្ថែមទៀត ព្រោះថាបន្ទាប់ពីមន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យ និងបានពន្យល់ណែនាំអាជីវករ និងប្រជាពលរដ្ឋជាប់ជាប្រចាំ គាត់កាន់តែយល់ដឹងកាន់តែច្បាស់ពីរបៀប ការដាក់តាំងលក់ ទិញ រក្សាទុកទំនិញ និងការជ្រើសរើសម្ហូបអាហារ ដែលមានសុវត្ថិភាពយកមកទទួលទាន។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្ត នៅតែបន្តបិទ ចែក និងបង្ហាញ នៅស្លាកស្ទីគឃ័រដល់អាជីវករ ពីរបៀបជ្រើសរើសម្ហូបអាហារ ដែលមានសុវត្ថិភាពយកមកលក់ និងទទួលទាន ដើម្បីឲ្យពួកគាត់ជាការពញ្ញាក់ស្មារតីបន្ថែម និងបានយល់ឲ្យកាន់តែច្បាស់ ក៏ដូចជាបានទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្តិ ញាតិមិត្ត បងប្អូននៅក្នុងភូមិ ក្នុងសហគមន៍ក្នុងមូលដ្ឋាន ឲ្យបានដឹង និងយល់ទាំងអស់គ្នា ដែលនេះជាអ្វីដែលសាខាកាំកុងត្រូលខេត្ត អគ្គនាយកដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាលចង់បាននោះ៕