(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា ការចូលរួម ឬមិនចូលរួមបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជានោះទេ។

ការអះអាងបែបនេះរបស់អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងបន្ទាប់ពីអនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ប្រកាសនៅមុខពន្ធនាគារត្រពាំងថ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាមិនមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឱ្យមានសេរីភាពឡើងវិញ។

លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការនូវការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជាលោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្រ្គោះជាតិ មិនមានការដោះលែង មិនបានមកចូលរួម ក្នុងការបោះឆ្នោតខាងមុខ និងលក្ខខណ្ឌដទៃទៀត ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការបោះឆ្នោតមួយ ដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»

លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប អនុវត្តតែទៅតាមច្បាប់កំណត់ប៉ុណ្ណោះ មិនអនុវត្តតាមគណបក្សនយោបាយទេ។ លោកថ្លែងបន្តថា បើសិនជាមានគណបក្សមួយមិនចូលរួម ហើយគណបក្សផ្សេងៗទៀតចុះឈ្មោះចូលរួមបោះឆ្នោតនោះ គឺគ.ជ.ប នៅតែរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅត្រឹមត្រូវ តាមច្បាប់ជាធម្មតា។

លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា៖ «គ.ជ.ប បំពេញតួនាទីរបស់ខ្លួន ដោយផ្អែកលើច្បាប់ជាធរមាន ក្នុងនោះរដ្ឋសភាបានផ្តល់ការទុកចិត្ត ឱ្យគ.ជ.ប ធ្វើការ មួយទៀតគ.ជ.ប ក៏ទទួលអនុវត្តដែរ គឺរៀបចំការងារផ្សេងៗ ដើម្បីបោះឆ្នោតបាន អញ្ចឹងបានច្បាប់កំណត់ថា សេរីពហុបក្ស ហើយបើមានគណបក្ស មកចុះឈ្មោះចូលរួមហើយ គឺគ.ជ.ប នៅតែអាចរៀបចំការចុះឈ្មោះបោះឆ្នោតបាន»

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា រហូតដល់ពេលនេះ មានគណបក្សនយោបាយជាង៤០ឯណោះ បានចុះឈ្មោះនៅប្រទេសកម្ពុជា ហើយក្នុងនោះមានគណបក្សនយោបាយជាង១០ផងដែរ ដែលបានធ្វើសកម្មភាពយ៉ាងផុសផុល ហើយគ្រោងចូលរួមនៅក្នុងការបោះឆ្នោត នៅឆ្នាំក្រោយនេះ។

លោកបានបន្តទៀតថា ទោះជាគណបក្សសង្រ្គោះជាតិមិនចូលរួម ក្នុងការបោះឆ្នោត កម្ពុជានៅតែជាប្រទេសដែលប្រកាន់របបប្រជាធបិតេយ្យសេរីពហុបក្ស ហើយមានគណបក្សច្រើនចូលរួមដដែល ហើយលោកសង្ឃឹមថា លោកស្រី មូរ សុខហួរ នឹងគោរពតាមសម្តីរបស់ខ្លួន ដែលបានប្រកាសនាពេលនេះ។

សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ព្រមានប្រើច្បាប់ស្តីពីគណបក្សនយោបាយ រំលាយគណបក្សសង្រ្គោះជាតិផងដែរ បើសិនជាគណបក្សនេះ មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់ លោក កឹម សុខា។ ជាមួយគ្នានេះ សម្តេចក៏ជំរុញឱ្យមានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ជុំវិញសំណុំរឿងក្បត់ជាតិមួយនេះ៕