(ភ្នំពេញ)៖ លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ត្រូវបានបង្ហាញចប់សព្វគ្រប់ហើយគិតត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ សូមចុច Link ខាងក្រោម ដើម្បីមើលលទ្ធផលនៃការប្រឡងនៅទូទាំងប្រទេស ដែលបង្ហាញជូនដោយក្រសួងអប់រំ យុវជន និងកីឡា។
លទ្ធផលប្រឡងបាក់ឌុប៖ https://drive.google.com/file......
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់។ ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤,២៣៤នាក់ ត្រូវជា ៥៣.៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩,៤៣៤នាក់ ត្រូវជា ៨២.៦២%។
ក្នុងចំណោមសិស្សប្រឡងជាប់ ៦៣,៦៦៨នាក់នោះ មានបេក្ខជនទទួលនិទ្ទេស A៖ ចំនួន ៤២៤នាក់, និទ្ទេស B៖ ចំនួន ២,៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥ ០០០នាក់, និទ្ទេស D៖ ចំនួន ៩,១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦,៦៥៧នាក់។
ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៧នេះ មានបេក្ខជន ២៨នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិបន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសឆ្គង ខុសបំរាម និងវិន័យ នាអំឡុងថ្ងៃប្រឡង ២១-២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។ កំហុសឆ្គងទាំងនោះដូចជាករណីប្រឡងជំនួស ប្ដូរលេខតុ លួចចម្លង ប្រើប្រាស់ទូរស័ព្ទដៃ យកសំណៅឯកសារ និងម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡងជាដើម៕