(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលទើបប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ជាប់និទ្ទេស A ទាំង៤២៤នាក់ នៅវិមានសន្តិភាព នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំបានយ៉ាងដូច្នេះថា «បេក្ខជនទទួលបាននិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ២១ សីហា ២០១៧ នឹងត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្នុងពេលខាងមុខ»។
ក្រសួងអប់រំបានបន្តថា ក្នុងជំនួបនោះ សិស្សានុសិស្សជាប់និទ្ទេស A ទាំង៤២៤នាក់ខាងលើ ក៏នឹងទទួលនូវរង្វាន់លើកទឹកចិត្តថែមទៀតផង។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ សិស្សានុសិស្សដែលទទួលបាននិទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B មានចំនួន ២,៤៦៤នាក់ និទ្ទេស C មានចំនួន ៥,០០០នាក់ និទ្ទេស D មានចំនួន ៩,១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦,៦៥៧នាក់។
ទោះយ៉ាងណា មិនមានការបញ្ជាក់ច្បាស់លាស់ពីកាលបរិច្ឆេទនៃជំនួបខាងលើនោះទេ។
សូមជម្រាបថា រាជធានីខេត្តដែលមានបេក្ខជនប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេស A រួមមាន៖
* រាជធានីភ្នំពេញ ចំនួន១៩៤នាក់
* សៀមរាប ចំនួន៤៧នាក់
* កណ្ដាល ចំនួន២៦នាក់
* បាត់ដំបង ចំនួន២៣នាក់
* កំពត ចំនួន២១នាក់
* កំពង់ចាម ចំនួន២០នាក់
* ព្រៃវែង ចំនួន១២នាក់
* បន្ទាយមានជ័យ ចំនួន១២នាក់
* កំពង់ឆ្នាំង ចំនួន១២នាក់
* ព្រះសីហនុ ចំនួន៩នាក់
* កំពង់ធំ ចំនួន៩នាក់
* តាកែវ ចំនួន៨នាក់
* ត្បូងឃ្មុំ ចំនួន៧នាក់
* ពោធិ៍សាត់ ចំនួន៦នាក់
* ក្រចេះ ចំនួន៦នាក់
* ស្វាយរៀង ចំនួន៥នាក់
* ព្រះវិហារ ចំនួន២នាក់
* កែប ចំនួន២នាក់
* កំពង់ស្ពឺ ចំនួន១នាក់
* ប៉ៃលិន ចំនួន១នាក់
* កោះកុង ចំនួន១នាក់