(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូល ចំណូលពន្ធប្រចាំខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្រោម ចំណុះអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអង្គប្រជុំ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានឯកឧត្តម-លោកស្រី អគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងសូមសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ជាលទ្ធផល ក្នុងខែសីហា ឆ្នាំ២០១៧នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៥១៥ពាន់លានរៀល (ប្រមាណជា១២៨.៨២លានដុល្លារអាមេរិក)។ សម្រាប់រយៈពេល០៨ ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន៥៦៥៧ ពាន់លានរៀល (ប្រមាណជា១,៤១៤.៤៣លានដុល្លារអាមេរិក) ស្មើនឹង ៨២.៤៣% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ប្រសិនបើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦ ឃើញថាចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៧ កើនឡើងចំនួន១,៣៥៤ពាន់លានរៀល (ប្រមាណ៣៣៨.៤៨ លានដុល្លារអាមេរិក) ឬស្មើនឹង៣១.៤៦%។
ក្នុងរយៈពេល ០៨ ខែ ឆ្នាំ២០១៧នេះដែរ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង៣១.៧%, អាករលើតម្លៃបន្ថែមកើនឡើង៤២.៧% ខណៈដែលអាករពិសេស កើនឡើង១៣.៩% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងចំនួន ២.៩%។
លោក គង់ វិបុល បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្នុងន័យបង្កើនផលិតភាព ប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ នាពេលកន្លងមក។
លោក បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពទាំងអស់ដែលស្ថិតក្រោមឱវាទ របស់អគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំ ដូចខាងក្រោម៖
* បន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាន និងនីតិវិធីនៃការបង់ពន្ធតាមប្រភេទពន្ធនីមួយៗ ជាពិសេស ពន្ធដែលពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យ
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេស ពន្ធសម្រាប់ជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការប្រមូលចំណូលពន្ធទាំងនេះ
* ពង្រឹងនិងប្តេជ្ញាផ្តល់សេវា ជូនអ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទៅតាមការចាំបាច់
* បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន
* សាខាពន្ធដារខេត្ត-ខណ្ឌ ត្រូវរំលឹកអ្នកជាប់ពន្ធ អំពីកាលបរិច្ឆេទនៃការបិទបញ្ចប់ការប្រមូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១៧ និងស្នើឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានមកប្រកាសបង់ពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធ បានទាន់ពេលវេលា ចៀសវាងការកកស្ទះនៅថ្ងៃជិតបិទ បញ្ចប់ការប្រមូលពន្ធនេះ
* ជំរុញការងារចុះបញ្ជីពន្ធដារឱ្យបានកាន់តែឆាប់រហ័សថែមទៀត តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការផ្តល់សេវាចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ
* បន្តយកចិត្តទុកដាក់អប់រំមន្ត្រីក្រោមឱវាទ ឱ្យរក្សាបាននូវអាកប្បកិរិយារួសរាយរាក់ទាក់ និងប្រើពាក្យសម្តីទន់ភ្លន់ទៅកាន់អ្នកជាប់ពន្ធ ចៀសវាងមានការថ្នាំងថ្នាក់ និងមិនសប្បាយចិត្តពីសំណាក់អ្នកជាប់ពន្ធដោយប្រកាណាមួយ
* រៀបចំសិក្ខាសាលាជូនមន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន អំពីដំណើរការ និងនីតិវិធីនៃការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធតាមអនឡាញ ដែលអគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេល ឆាប់ៗខាងមុខនេះ
* ខិតខំបន្តកិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូនានា ដើម្បីជំរុញការងាររៀបចំកិច្ចព្រមព្រៀងចៀសវាងការ យកពន្ធត្រួតឱ្យទទួលបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់
* បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពន្ធដារ ដើម្បីឆ្លើយតប និងសម្រួលដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងមានភាពងាយស្រួលច្បាស់លាស់សម្រាប់ការអនុវត្ត។
ជាគ្នានេះ លោកអគ្គនាយក គង់ វិបុល ក៏បានផ្តល់ការណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនរដ្ឋ៕