(ភ្នំពេញ)៖ មន្ត្រីវ័យក្មេងកម្ពុជា ចំនួន១៤នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បានចេញដំណើរទៅចូលរួម «វគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ» នៅប្រទេសជប៉ុនហើយ។

វគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅប្រទេសជប៉ុននេះ បានចាប់ផ្តើមពី ថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់កម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧ របស់ JICA។

មន្ត្រីវ័យក្មេងកម្ពុជាចំនួន១៤នាក់ រួមមានមន្រ្តីរាជការនៃក្រសួងការងារ ចំនួន១០នាក់ និងមន្រ្តីរាជការ នៃស្ថាប័នផ្សេង ចំនួន៤នាក់ទៀត។ ពួកគាត់នឹងអាចរៀនសូត្រ និងស្វែងយល់ពី បទពិសោធន៍របស់ ប្រទេសជប៉ុន ទាក់ទងនឹងគោលនយោបាយ និងក្របខណ្ឌអភិវឌ្ឍន៍វិស័យឧស្សហកម្ម និងជំនាញវិជ្ជាជីវៈ ក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ចាប់តាំងពីឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេល បច្ចុប្បន្ននេះមានមន្ត្រីវ័យក្មេងកម្ពុជា១០២៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល លើវិស័យផ្សេងៗនៅ មជ្ឃមណ្ឌលបណ្តុះបណ្តាល របស់ JICA ក្នុងប្រទេសជប៉ុន៕