(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យគ្រូពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ជាពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួន។

ការថ្លែងជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ទៅលើអ្នកជំងឺនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់​សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ សរុប៣,៩៨៦នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋតែងតែបានរអ៊ូរទាំងពីកាយវិការមិនសមរម្យមួយចំនួនរបស់ក្រុមគ្រូពេទ្យ និងខ្លះទៀត បានលើកឡើងថា ក្រុមគ្រូពេទ្យហាក់មិនសូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺនោះឡើយ។ ឆ្លើយតបជាមួយការប្រតិកម្មរបស់ប្រជាពលរដ្ឋនោះ សម្ដេចតេជោ ហ៊ុន សែន បានទទូចទៅកាន់ក្រុមគ្រូពេទ្យថា «​ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ដល់គ្រូពេទ្យទាំងអស់ សូមចាត់ទុកអ្នកជំងឺ គឺជាជីវិតរបស់ខ្លួនផងដែរ​ នេះជាបញ្ហាដ៏ធំ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកប្រាប់គ្រូពេទ្យថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងការគាំពារសង្គមឲ្យកាន់តែល្អប្រសើរ តែវានឹងក្លាយជារឿងឥតប្រយោជន៍ ប្រសិនក្រុមគ្រូពេទ្យទាំងឡាយ មិនអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទេនោះ។

​ដើម្បីបង្កើនប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កញ្ចប់ថវិកាជាតិ សម្រាប់ចំណាយទៅលើវិស័យសុខាភិបាលនឹងមិនត្រូវកាត់បន្ថយនោះឡើយ ហើយនៅមានការងារជាច្រើនទៀត ដែលត្រូវបន្តយកចិត្តទុកដាក់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលកម្ពុជា ទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក៕