(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពដែលឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ដើម្បីការពារបូរណភាពទឹកដី។

លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអង្គភាពចំនួន០៧ និងកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សរុបថវិកាទាំងអស់ចំនួន ១០១.០៥០.០០០រៀល, អង្ករ ១៣តោន, មីយើង ១០០កេសតូច, មុងការពារមូស ១.០៦១, ឱសថប្រឆាំងជម្ងឺគ្រុនចាញ់ចំនួន ១០០ករណី, ឧបករណ៍តេស្តជម្ងឺគ្រុនចាញ់ចំនួន ១៥០, និងបរិក្ខាពេទ្យមួយចំនួនទៀត ហើយសម្រាប់បងប្អូនកងទ័ពទាំងអស់ ម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល និងប្រាក់ឧបត្ថម្ភជីវភាពមួយចំនួនទៀត៕