(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយថា តំណាងរាស្រ្តម្នាក់របស់គណបក្សប្រឆាំង បាននិងកំពុងភ័យខ្លួន ហើយរត់គេចពីកម្ពុជា ទៅកាន់ប្រទេសថៃ តាមច្រកកំរៀង ខេត្តបាត់ដំបង កាលពីម្សិលមិញ គ្រាដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងសំណុំរឿង លោក កឹម សុខា។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីព្រមានប្រើច្បាប់ស្តីពីគណបក្សនយោបាយ រំលាយគណបក្សសង្រ្គោះជាតិ បើសិនជាមានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងក្របខណ្ឌគណបក្ស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តំណាងរាស្រ្តដែលបានរត់គេចនោះ មានការពាក់ព័ន្ធនឹងការចែកនំប៉័ងដល់បាតុករ កាលពីក្រោយការបោះឆ្នោតឆ្នាំ២០១៣។ បាតុកម្មនោះត្រូវបានគេសង្ស័យថា បង្កើតឡើងក្រោមការឃុបឃិតជាមួយបរទេស ដូចការបង្ហើបនៅក្នុងវីដេអូរបស់ លោក កឹម សុខា នាថ្មីៗនេះ។

សម្តេចបានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្វីៗដែលបានកើតឡើងកន្លងទៅនោះ មុខមាត់យើងបានរកឃើញហើយ។ ហើយសូមអ្នកដែលបានឆ្លងដែននៅម៉ោង៥៖២០នាទី (ល្ងាច) ពីម្សិលមិញជាតំណាងរាស្រ្តដែលរត់ចេញទៅប្រទេសថៃ គួរត្រឡប់មកវិញ ព្រោះខ្លួនឯងមានឈ្មោះក្នុងបញ្ជីចែកនំប៉័ងឆ្នាំ២០១៣។ ហើយក៏មានអ្នកមួយចំនួនទៀតក៏រត់ចេញដែរ»

សម្តេចថ្លែងបន្តថា «មានអ្នកក្លាហាន ហើយក៏មានអ្នកភ័យដែរ ព្រោះរឿងវាមិនតូចទេ។ ដូច្នេះ នៅពេលឆ្លងដែនពីម្សិលមិញនោះ កុំស្មានថាគេមិនដឹង គឺឆ្លងនៅម៉ោង៥៖២០នាទី ឆ្លងនៅច្រកកំរៀង ទៅប្រទេសថៃ។ បើគេត្រូវការយក យើងក៏អាចសហការជាមួយប្រទេសថៃ ក្នុងការនាំយកមកវិញបានដែរ»

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ថា តំណាងរាស្រ្តដែលបានរត់គេចទៅប្រទេសថៃនោះ ជានរណានោះទេ ប៉ុន្តែបើតាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥៖២០នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនោះ ពួកគេបានឃើញ លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលរាជធានីភ្នំពេញ បានចាកចេញពីកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោក ហូរ វ៉ាន់ ត្រូវបានសមត្ថកិច្ចប្រទះឃើញ ចាកចេញម្នាក់ឯងប៉ុណ្ណោះ ក្នុងសំលៀកបំពាក់ស៊ីវិលធម្មតា មិនមានអ្នកជូនដំណើរនោះទេ៕