(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាអភិបាលខណ្ឌដង្កោ និងភរិយា រួមជាមួយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ និងប្រជាពលរដ្ឋសង្កាត់ទាំង១៣ ធ្វើពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃ២៦អង្គ ដើម្បីឧទ្ទិសកុសល ដល់ជនរងគ្រោះរាប់លាននាក់ ក្នុងរបបប្រល័ពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា បានលើកឡើងថា ការធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ទាំងនៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯកនេះ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។
ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ក្នុងរបបប្រល័យពូជសាសន៍នេះ ខ្លះបានស្លាប់បាត់បង់ជីវិតទាំងគ្រួសារ ហើយមួយចំនួនទៀត ពុំបានទទួលដំណឹងពីសាច់ញាត្តិខ្លួនថា បានស្លាប់នៅទីណានោះទេ ដូច្នេះថ្ងៃនេះ ក្នុងនាមគណបក្សខណ្ឌ ក៏ដូចជាសាលាខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំង។
បន្ថែមពីនេះ ក៏ដូចជាអ្នកដែលបានស្លាប់នៅទូទាំងប្រទេស ហើយគណបក្សខណ្ឌ តែងបានធ្វើពិធីបែបនេះ ជារៀងរាល់ឆ្នាំ គឺនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
នៅក្នុងឱកាសនេះ លោក នុត ពុធដារ៉ា បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យរាប់បាត្រ បង្សុកូល និងប្រគេនព្រះសង្ឃ ចំនួន២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដោយក្នុង១វត្ត បច្ច័យកសាង ៥ម៉ឺនរៀល ស្លាដកចំនួន១គូរ និងទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត៕