(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត២ពាន់នាក់​ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៦១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ​ចំនួនជិត៣ពាន់នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ៤១២នាក់, ជំងឺស្រ្តី៣៦២នាក់, ជំងឺផ្លូវចិត្ត១៧៤នាក់, ជំងឺឫសដូងបាត២១៥នាក់, ជំងឺសន្លាក់ឆ្អឹង៧៥នាក់, ជំងឺរលាកសួត១៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៥៤នាក់, ជំងឺភ្នែក២៣១នាក់, ជំងឺសើរស្បែក១៦២នាក់, ជំងឺទឹកនោមផ្អែម១៧៦នាក់, ជំងឺមាត់ធ្មេញ១៣៤នាក់, អេកូសាស្ត្រ១៨១នាក់ និងជំងឺទូទៅ៥១២ក់ និងព្យាបាលរបួស និងវះកាត់តូច៨នាក់។

អ្នកស្រី ចាន់ សុខុម រស់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានបង្ហាញអារម្មណ៍សប្បាយចិត្ត នៅពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះមកផ្ដល់ថ្នាំនិងពិនិត្យជំងឺដោយមិនអស់ប្រាក់។

បច្ចុប្បន្នអ្នកស្រី ចាន់ សុខុម ជាស្ត្រីមេម៉ាយនិងចិញ្ចឹមចៅកំព្រា៥នាក់ នៅក្នុងបន្ទុកកំពុងមានជំងឺពោះវៀនដុះខ្នែង គាត់បានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកផ្ដល់ថ្នាំ នៅកន្លែងរស់នៅរបស់ពួកគាត់។

អ្នកស្រី ចាន់ សុខុម ថ្លែងថា «ខ្ញុំទើបតែទទួលបានថ្នាំជាលើកដំបូងទេ តែមានអារម្មណ៍សប្បាយចិត្ត នៅពេលគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកព្រោះអីអត់មានលុយព្យាបាលជំងឺទេ ហើយទើបតែវះកាត់ជំងឺដុះខ្នែងទៀត។ ដូច្នេះចង់ឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ចុះមកព្រោះសំបូរថ្នាំល្អៗ»

ចំណែកពលរដ្ឋម្នាក់ទៀតជាស្រ្តីខ្មែរឥស្លាមឈ្មោះ ឡូស ហ្វាសទីម៉ា កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែម បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលដែលឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះមកផ្ដល់ថ្នាំដោយឥតគិតថ្លៃនេះ។ អ្នកស្រី ឡូស ហ្វាសទីម៉ា បន្ថែមថា «អត់មានលុយមើលជំងឺទេ ឈឺរាំរ៉ៃ តែសប្បាយចិត្តពេលពេទ្យឲ្យថ្នាំដោយអត់លុយ ខ្ញុំចង់ឲ្យគាត់ឧស្សាហ៍មក»

លោក អ៊ុង សំណាង បុគ្គលិកស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានបង្ហាញអារម្មណ៍នៅពេលឃើញពលរដ្ឋ មានចំនួនច្រើនដែលបានមកទទួលយកថ្នាំ។ យុវជន អ៊ុង សំណាង បន្ថែមថា «ទោះមិនបានថវិកា តែខ្ញុំសប្បាយនៅពេលដែលបានជួយគាត់(ប្រជាពលរដ្ឋ)»

សូមបញ្ជាក់ថារយៈពេល៥៧ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២០០៧នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៨២លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន១២៥,៨៩៧នាក់៕

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕