(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ក្នុងរាជធានីភ្នំពេញ មិនត្រូវលួចលាក់ចរាចរផាវ ដែលមានរូបរាងដូចគ្រាប់បែកពិត នៅតាមទីប្រជុំជន និងផ្សារមួយចំនួន ដោយមើលឃើញការទិញយកទៅលេងកំសាន្ត ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ មួយចំនួនផងដែរ។ នេះយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋាបាលរាជធានភ្នំពេញ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ការហាមឃាត់មិនឲ្យចរាចរផាវគ្រាប់បែកនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជាពិសេសកុំឲ្យមហាជនឆ្លៀតឱកាសប្រើប្រាស់គ្រឿងផ្ទុះ ដែលមានលក្ខណៈដូចផាវខាងលើបង្កចលាចល និងអសន្តិសុខក្នុង រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានណែនាំដល់ពាណិជ្ជករនាំចូលផាវដែលមានលក្ខណៈដូចគ្រាប់បែក ត្រូវចាត់ការជាបន្ទាន់ ចំពោះអាជីវករនៅតាមផ្សារ និងអាជីវករនៅក្នុង រាជធានីភ្នំពេញទាំងអស់ ត្រូវផ្អាកការលក់ផាវ ដែលមានរូបរាងដូចគ្រាប់បែកនេះជាបន្ទាន់, គណៈកម្មការផ្សារទាំងអស់ក៏ដូចជា​ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ សម្រួលប្រមូលផាវ ដែលមានរូបរាងដូចខាលើ ដើម្បីយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា យប់មិញមានក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ស្រាលដោយសារតែពួកគេ បានយកផាវមកកែច្នៃ ហើយខុស​បច្ចេកទេសបណ្តាលឲ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលនៅយប់ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ហើយកាលពីពេលថ្មីៗនេះ ក៏មានករណីផ្ទុះគ្រាប់បែកនេះ នៅក្នុងរថយន្តរថឈ្នួលមួយផងដែរ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ និងរបួសផងដែរ។

សូមអានខ្លឹមសារនៃសេចក្តីជូនទាំងស្រុង របស់អភិបាលរាជធានីភ្នំពេញដូចខាងក្រោម៖