Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រកឃើញទំនិញ១១មុខ ខូចគុណភាពលក់នៅផ្សារប្រម៉ោយ, មន្រ្តីជំនាញដកហូត យកទៅដុតកំទេចចោល

11-09-2017 12:54

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ តែបានរកទឹកភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទ ដែលសរុបមានចំនួន១១មុខ ស្មើនឹង៤០៥,៦ គីឡូក្រាម យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោលនាពេលខាងមុខ។

មន្រ្តីកាំកុងត្រូលខេត្តពោធិសាត់ បានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះ ពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារ សុខភាពរបស់ពួកគាត់ផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

ទន្ទឹមនោះ ក្រុមការងារ ក៏បានបិទផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ ៕