(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគេ រាយខ្សែភ្លើងឆក់ត្រី នៅក្នុងទឹកថ្លុកមួយកន្លែង ដើម្បីយកធ្វើម្ហូប ប៉ុន្តែពេលនោះ ភ្លាត់ស្នៀត ត្រូវបានចរន្តអគ្គិសនី ឆក់បណ្ដាលឲ្យស្លាប់។ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៩៖០០ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ​ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហេង ងួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅក្នុងឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ រួមជាមួយអ្នករួមការងារជាមួយគ្នាម្នាក់ទៀត បាននាំគ្នារាយខ្សែភ្លើង ដើម្បីឆក់ត្រីយកធ្វើម្ហូប ដោយបានតខ្សៃភ្លើង ចេញពីសំណង់ផ្ទះល្វែង ដែលកំពុងសាងសង់មួយស្ថិតនៅចម្ងាយប្រមាណជាង៣០ម៉ែត្រ ពីទឹកថ្លុកកន្លែងកើតហេតុនោះ។

ប្រភពព័ត៌មាន បន្ដថា នៅក្នុងខណៈនោះ មិនទាន់បានឆក់នៅឡើយទេ ទើបតែរាយខ្សែ និងអូសទៅដល់ទឹកថ្លុក ស្រាប់តែឆក់បណ្ដាលឲ្យគាត់ដួលប្រកាច់ នៅក្នុងទឹកជម្រៅ ត្រឹមជង្គង់សន្លប់ស្ដូកស្ដឹង ហើយភ្លាមៗនោះ បុរសម្នាក់ទៀត ដែលជាអ្នកឆក់ត្រីជាមួយគ្នា បានរត់ទៅដកឌុយ ចេញពីព្រីភ្លើង និងបានស្រែកឆោរឡោ ឲ្យអ្នកជិតខាងជួយលើកជនរងគ្រោះ ឡើងគោកធ្វើការសង្គ្រោះបឋម និងប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែហួសពេលទៅហើយ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ត្រពាំងក្រសាំង បានចុះទៅកាន់លែងកើតហេតុ ធ្វើការពិនិត្យកោសល្យវិច័យសាកសព ហើយបានឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារចរន្តអគ្គិសនីឆក់ពិតមែន ទើបប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕