(ព្រះវិហារ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាថា នឹងកសាងផ្លូវនានាឲ្យមានគុណភាព ប្រកបដោយស្តង់ដារ និងតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាលុបលៀងនូវពាក្សដែលគេតែងរិះគន់ «យើងធ្វើផ្លូវជាប់រហូត»។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅវរៈសេនាតូច៤០៣ ចំណុះយោធភូមិភាគទី៤ ឈរជើងការពារព្រំដែនខ្មែរថៃនៅសមូរភូមិទិសទី២ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «កន្លងមកក្រសួងរបស់យើងតែងទទួលនូវការរិះគន់ផ្សេងៗ ពិសេសរឿងករណីធ្វើផ្លូវ ដោយគេរិះគន់យើងថា ធ្វើផ្លូវជាប់ ដែលការរិះគន់នេះ គឺគេមិនសំដៅទៅលើការធ្វើឲ្យមានគុណភាពនោះ គឺគេថាយើងធ្វើជាប់ គឺធ្វើខាងមុខខូចខាងក្រោយ បានន័យថា យើងធ្វើជាប់។ ដូច្នេះដើម្បីលុបលាងនូវការរិះគន់នេះ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនយើងនឹងប្តេជ្ញាកសាងផ្លូវនានាឲ្យមានគុណភាព ប្រកបដោយស្តង់ដាបច្ចេកទេស ហើយជាមួយគ្នានេះផងដែរ ក្រសួងបានបង្កើតអគ្គនាយកដ្ឋានបច្ចេកទេ ដើម្បីត្រួតពិនិត្យ​ និងបានបង្កើតតាមប្រពន្ធ័អនឡាញ ផ្តល់នូវភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ដូចជាប្រលងយកប័ណ្ណបើកបរ ការផ្តល់ស្លាកលេខ....ជាច្រើនទៀត»

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូននានា ធ្វើយ៉ាងណាកុំដឹកលើទំងន់ ដែលជាហេតុធ្វើឲ្យផ្លូវឆាប់ខូចខាត។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានតាមព្រំដែនប្តេជ្ញាគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិក្រោយៗទៀត។

អំណោយដែលចែកជូននៅពេលនេះរួមមាន៖ ឧបត្ថម្ភទីបញ្ជាកាថវិកា២០លានរៀល នាយទាហាន ពលទាហាន៣៨៥នាក់ ក្នុងម្នាក់ៗថវិកា២០០០០រៀល អង្ករ៥តោនទឺកត្រី២០០យួរ ទឹកស៊ីវអ៊ីវ២០០យួរ និងសម្ភារមួយចំនួនទៀត ព្រមទាំងសន្យាសាងសង់អគារ ផ្លូវ និងសង្ក័សីតាមការស្នើសុំរបស់អង្គភាពផងដែរ៕