(កូរ៉េ)៖ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េជិត ៣០០០នាក់ បានចូលរួមអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ហើយពួកគេបានលើកជាមតិថា ការចូលរួមធ្វើបាតុកម្មណាមួយនោះ ប្រៀបដូចជាការវាយបំបែកឆ្នាំងបាយរបស់ខ្លួនយ៉ាងដូច្នេះ។

មន្រ្តីស្ថានទូតខ្មែរនៅទីក្រុងសេអ៊ូល បានឲ្យដឹងថា នៅថ្ងៃ៥រោច ខែភទ្របទ ឆ្នាំរកា ត្រូវនឹងថ្ងៃកាន់បិណ្ឌវេណទី៥ ម្សិលមិញ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េជិត៣០០០នាក់ បានចូលរួមរៀបចំ និងអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធិសាសនា នៅទីតាំង ២កន្លែងផ្សេងគ្នា ទី១៖ នៅទីក្រុងអ៊ឺយចងប៊ូ ខេត្តខ្យងគីដូ រៀបចំដោយសហគមន៍កម្ពុជាស្ម័គ្រចិត្ត អ៊ឺយចងប៊ូ មានអ្នកចូលរួមប្រមាណ១៥០០នាក់។

ទី២៖ នៅទីក្រុងគូមី ខេត្តខ្យងសាំងណាំដូ រៀបចំដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទីក្រុងគូមី មានអ្នកចូលរួមប្រមាណជាង ១០០០នាក់ ស្របពេលមានពលករខ្មែរប្រមាណជិត ៣០ នាក់ បាននាំគ្នាបាតុកម្ម នៅទីក្រុងណូនសាន ខេត្តឈុនឆន់ ប្រឆាំងនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល និងទាមទារឲ្យដោះលែងបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

ពលករកម្ពុជាម្នាក់ឈ្មោះ យន់ ឆាំយ៉ាន់ ដែលកំពុងចូលរួមសប្បាយរីករាយ ក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ មានស្រុកកំណើតនៅខេត្តកោះកុង កំពុងធ្វើការផ្នែកឧស្សហកម្ម នៅទីក្រុងព្យង់ថេកបានបញ្ជាក់ថា មូលហេតុដែលគាត់ និងមិត្តភ័ក្ដ មិនទៅចូលរួមធ្វើបាតុកម្ម គឺដោយសារហេតុថា «បើពួកខ្ញុំទៅចូលរួមបាតុកម្ម គឺប្រៀបបានដូចពួកខ្ញុំ វាយបំបែកឆ្នាំងបាយ របស់ខ្លួនឯងគ្រួសារ និងពលករខ្មែរជំនាន់ក្រោយអញ្ចឹងដែរ ព្រោះថា បើតាមខ្ញុំតាមដានព័ត៌មាន និងសង្កេតឃើញកន្លងមក ឃើញថាប្រទេសទាំង១៦ ដែលមានបញ្ចូលពលករ មកបម្រើការងារគឺប្រទេសនីមួយៗ»។

ពលករដដែលបន្ដថា «ប្រទេសនីមួយៗ បានខំប្រឹងប្រែងណាស់ ដើម្បីរក្សាលំនឹង និងស្នើសុំទៅរដ្ឋាភិបាលកូរ៉េ ដើម្បីបង្កើនកូតា នៃការបញ្ជូនពលករមកធ្វើការនៅកូរ៉េ ហើយប្រទេសទាំង១៥នោះ ទៀតសោតក៏មិនដែលឃើញ មានពលករណានាំគ្នា ទៅបាតុកម្មប្រឆាំង នឹងប្រទេសខ្លួនឯងអញ្ចឹងដែរ បើបាតុកម្មដើម្បីទាមទារលក្ខខណ្ឌ ការងាររបស់ពលករបរទេស អាណឹងខ្ញុំឃើញមាន ដូច្នេះបើយើងទៅនាំគ្នា ធ្វើបាតុកម្ម គឺប្រៀបបាននឹងការបំផ្លាញកូតា នៃការបញ្ជូនពលកររបស់ប្រទេសយើង ដូចយើងបំផ្លាញឆ្នាំងបាយខ្លួនឯង ក្រុមគ្រួសារ និងពលករខ្មែរ ជំនាន់ក្រោយអញ្ចឹងដែរ»។

ពលករខ្មែរម្នាក់ទៀតឈ្មោះ ហែម សេងអាន កំពុងធ្វើការផ្នែកសំណង់ នៅទីក្រុងសេអ៊ូល បានឲ្យដឹងផងដែរថា «ក្នុងនាមជាពលករបរទេស ឬអ្នករស់នៅអន្តោប្រវេសន៍ គឺយើងគ្មានសិទ្ធក្នុងការធ្វើសកម្មភាពនយោបាយ នៅក្នុងដែនរដ្ឋបាលរបស់គេនោះទេ ហើយការចូលរួមបាតុកម្មនេះ ក៏អាចនឹងជាសកម្មភាពខុសច្បាប់ដែរ ដែលអាចប៉ះពាល់ដល់ការងាររបស់យើង ជាពិសេសជីវភាពគ្រួសារយើង ដូចនេះខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ សូមកុំចូលរួមធ្វើបាតុកម្ម ជៀសវាងក្លាយជាឈ្នាន់នយោបាយ របស់ក្រុមមួយក្ដាប់តូច ដោយមិនដឹងខ្លួន»។

ក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីទំនៀមទម្លាប់ខ្មែរខាងលើ ក៏សង្កេតឃើញមានថ្នាក់ដឹកនាំ មន្រ្តីរាជការនៃស្ថានទូតកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរក្រុងរបស់កូរ៉េចូលរួមផងដែរ។

កាលពីព្រឹកមិញ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅកូរ៉េខាងត្បូង ពេលនេះមិនមែនបាតុកម្មទាមទារឱ្យដោះលែង លោក កឹម សុខា ដោយការផ្សព្វផ្សាយនោះទេ ហើយរូបភាពដែលឃើញលើ Facebook នោះគឺជារូបភាពចាស់ ដែលជនអនាមិកធ្វើឡើងដើម្បីស្ទង់មតិតែប៉ុណ្ណោះ។

ការចេញមុខអះអាងរបស់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ពលករខ្មែរជាច្រើនដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយទាមទារឱ្យសមត្ថកិច្ច និងតុលាការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។

លោក ឡុង ឌីម៉ង់ អះអាងថា ការផ្សព្វផ្សាយបែបនោះ គ្រាន់តែជាការប្រឌិត ដើម្បីចំណេញដល់នយោបាយរបស់ គណបក្សប្រឆាំងតែប៉ុណ្ណោះ ខណៈដែលជាក់ស្តែងមិនមានបាតុកម្មកើតឡើងនោះទេ ហើយពលករខ្មែរ ធ្វើការងារជាធម្មតា។ លោកចាត់ទុកថា ការបំផុសបំផុលអំពីបាតុកម្មបែបនេះ មានតែលើបណ្តាញសង្គម Facebook ប៉ុណ្ណោះ ខណៈដែលជនអនាមិកប្រើប្រាស់រូប កាលពីអតីតកាល ដើម្បីបោកបញ្ឆោទ៕