(ភ្នំពេញ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអភិបាលក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យទៀតទាត់ ដើម្បីការពារសភាពការណ៍ សន្តិសុខនយោបាយ​ និងសភាពការណ៍បទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន និងតាមបណ្តាគោលដៅសំខាន់ៗ ទូទាំងខេត្តដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យឆាប់រហ័ស។

លោក សុខ លូ ថ្លែងបេបនេះក្នុងឱកាសលោកបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទយ៉ាងច្រើនកោះករផងដែរ។

លោក សុខ លូ បានបន្តថា មន្ត្រីពាក់ព័ន្ធទំាងអស់ត្រូវពង្រឹងការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឲ្យបានទៀងទាត់បន្តយកចិត្តទុកដាក់ ក្តាប់សភាពការណ៍ សន្តិសុខនយោបាយ និងសភាពការបទល្មើសគ្រប់ប្រភេទនៅតាម ក្រុង ស្រុក និងតាមបណ្តាគោលដៅសំខាន់ៗ ទូទាំងខេត្ត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងបន្តជំរុញការដោះស្រាយបញ្ហាដើម្បីទប់ស្កាត់បទល្មើសនានា ដែលកើតមានក្នុងគោលដៅរបស់ខ្លួន ដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។

អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ចំពោះបញ្ហាការពារសុវត្ថិភាព ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺយើងមិនត្រូវប្រហែសបានទេ ជាពិសេសកងកម្លំាង ទាំងអស់ត្រូវខិតខំការពារ សន្តិសុខឲ្យបានជាប់ជាប្រចាំជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម និងតាមរមណីដ្ឋាននានាទូទាំងខេត្តដើម្បីធានា សន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលមកធ្វើបុណ្យ ក្នុងរដូវនេះឲ្យមានទំនុកចិត្តលើបញ្ហាសន្តិសុខរបស់ពួកគាត់ទាំងអស់គ្នា៕