(ភ្នំពេញ)៖ នៅម៉ោងប្រមាណជិត១២៖០០ថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (Wuxu) ក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជានិតចិនហើយ បន្ទាប់ពីធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់កម្ពុជា អស់រយៈពេលប្រមាណជាង២ម៉ោង ។

នៅក្នុងពេលអញ្ជើញដល់របស់ សម្ដេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក Huang Shiyong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាលេខាធិការគណៈកម្មាធិការនយោបាយនិងច្បាប់ខេត្តក្វាងស៊ី និង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន រួមជាមួយមន្រ្តីសំខាន់ៗមួយចំនួនរបស់ប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា គណៈប្រតិភូអមដំណើររួមមាន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។