(កំពត)៖ ប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានបញ្ចេញប្រតិកម្មចំពោះក្រុមមន្រ្តី និងក្រុមហ៊ុនឯកជន ដោយសារតែគ្មានតម្លាភាពក្នុងករណីដីធ្លី ហើយទទូចសុំកុំឲ្យរារាំង ឬឃែរដីទុកដែលជាដីអាស្រ័យផល និងដីប្រភេទផ្សេងទៀតរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក្រុមប្រជាពលរដ្ឋ បានទទូចដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចេញប័ណ្ណកម្មសិទិ្ធដីធ្លីជូនពួកគាត់ផង បន្ទាប់ពីបានអូសបន្លាយជាយូរថ្ងៃមកនោះ។

ប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ដែលមានដីពាក់ព័ន្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ពួកគាត់មានដី ដែលជាដីចំការមានដាំដំណាំអាស្រ័យផលជាយូរឆ្នាំមកហើយ ហើយដីខ្លះទៀតមានសភាពវាលៗ និងដីខ្លះជាប្រភេទមានដុះព្រៃបោះ ដែលដីទាំងអស់នោះ សុទ្ធតែបានមក ដោយសាររដ្ឋអំណាចមូលដ្ឋាន ភូមិ ឃុំជំនាន់មុន បានបែងចែក និងផ្តល់ឲ្យប្រជាពលរដ្ឋសម្រាប់ធ្វើស្រែចំការបង្កបង្កើនផល។ ប៉ុន្តែរហូតមកដល់ពេលនេះ ដីនៅសេសសល់រាប់រយហិកតា មិនទាន់ត្រូវបានវាស់វែងជូនប្រជាពលរដ្ឋនៅឡើយទេ ចាប់ពីមានបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលមក។

មិនតែប៉ុណ្ណោះដីនៅសេសសល់ទាំងប៉ុន្មាន ភាគច្រើនចំណុចខាងលិចវត្តវាលពួច ស្ថិតក្នុងភូមិ ឃុំខាងលើ ត្រូវបានក្រុមកម្លាំងបរិស្ថានឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលចំណុះឲ្យក្នុងក្របខ័ណ្ឌ នៃមន្ទីរបរិស្ថានខេត្តកំពត និងកម្លាំងសន្តិសុខឯកជនក្រុមហ៊ុន សុខាហូតែលឋានសួគ៌បូកគោ ធ្វើការចុះរារាំង ទប់ស្កាត់ដោយមិនអនុញ្ញាតឲ្យ ប្រជាពលរដ្ឋ ចោលទៅធ្វើចំការបង្កបង្កើនផលលើដីអាស្រ័យផល និងដីប្រភេទផ្សេងៗទៀតបានឡើយ។

ប្រជាពលរដ្ឋបន្តថា ដោយឡែកបើអ្នកមានអំណាច ជាអ្នកដឹកនាំតាមស្ថាប័នមួយចំនួនតូច មកពីភ្មំពេញ និងខ្លះនៅខេត្តកំពត ដែលមាននិងបានទិញដី នៅក្នុងភូមិសាស្ត្រក្បែៗ ជុំវិញនោះផងដែរ ត្រូវបានគេឃុបឃិតគ្នា ដោយបិតភ្នែកអនុញ្ញាតឲ្យចូលទៅកាប់ គាស់ទន្ទ្រានព្រៃ ដុត និងលួចដាំដំណាំដោយស្ងាត់ៗ ដើម្បីបំពេញដីទាំងនោះ ត្រៀមលក្ខណ: ឲ្យក្រុមការងារវាស់វែងថ្នាក់ខេត្ត វាស់វែងដីនៅសេសសល់បន្តពីបទបញ្ជា០១បបរបស់រាជរដ្ឋាភិបាល ឲ្យប្រែក្លាយទៅជាដីកម្មសិទ្ធិស្របច្បាប់ ដែលក្រុមការងារវាស់វែង នឹងអាចបន្តយុទ្ធនាការរបស់ខ្លួននៅពេលឆាប់ខាងមុខនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បច្ចុប្បន្នដីនៅក្នុងភូមិសាស្ត្រជាមួយគ្នានេះ គឺមានជនជាកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការមួយក្តាប់តូច សុំមិនបញ្ចេញឈ្មោះ ដែលពូកែអែបអបរត់ការឆ្វេងស្តាំ ជាអ្នកអភិវឌ្ឍន៍ធ្វើដីនោះប្រមាណជាង២០ហិកតា ដោយលក់ទៅឲ្យអ្នកមាននៅភ្នំពេញ និងអ្នកនៅខេត្តកំពត ជាប្លង់ៗ ដោយស្ងាត់ៗ ហើយមានការលូនទៀតផង ដោយគេពុំឃើញមានបញ្ហាអ្វីកើតឡើងនោះទេ។ ទន្ទឹមគ្នានេះដែរ គេតែងតែឃើញក្រុមកម្លាំងបរិស្ថាន និងសន្តិសុខខាងលើ ចូលទៅលេង និងស៊ីផឹកនៅឯផ្ទះស្នាក់នៅលើដីរបស់អ្នកដែលឈរធ្វើដីជាកងកម្លាំង និងមន្ត្រីរាជការ ដោយរលូននោះ ជាញឹកញាប់ទៀតផង។

ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ ទទូចស្នើឲ្យលោកអភិបាលខេត្ត និងក្រសួងជំនាញពាក់ព័ន្ធ ចុះអង្កេតស្រាវជ្រាវដីនៅចំណុចខាងលិចវត្តវាលពួចនេះផង ដើម្បីឲ្យមានការស្មើភាព ទាំងអស់គ្នា ដោយមិនរើសអើង និងសុំឲ្យពន្លឿនបន្តការវាស់វែង ទោះបីដីមួយចំនួនធំនៅក្នុងភូមិសាស្ត្រនៃស្រុកទឹកឈូមួយនេះ ដោយឡែកដីនៅចំណុចលាតសន្ធឹង តាមបណ្តោយជើងភ្នំបូកគោ ក្នុងភូមិទទឹងថ្ងៃខាងលើ បានវាស់វែងរួចហើយក្តី ដោយស្របតាមគោលនយោបាយ ឬក៏យុទ្ធសាស្ត្រដីធ្លី របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំ និងគិតគូរជានិច្ចដល់បងប្អូនប្រជាពលរដ្ឋក្នុងវិស័យដីធ្លីនេះដើម្បីលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋផងដែរ។

បើតាមប្រជាពលរដ្ឋមួយចំនួន នៅ៣ឃុំខាងលិចទីរួមខេត្តកំពត មានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត នៃស្រុកទឹកឈូ ខេត្តកំពត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពួកគាត់ជាពលរដ្ឋ ដែលមានដីធ្លីជាក់ស្តែង ត្រូវបានក្រុមការងារវាស់វែងដីធ្លី រួមមាន៖ ក្រុមបច្ចេកទេស និងយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានវាស់វែងរួច តាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលដែលហៅថា យុទ្ធនាការស្បែកខ្លា តាំងពីចុងឆ្នាំ២០១២មកម្លេះ មិនទាន់បានផ្តល់នូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបន្តវាស់វែងតាមបទបញ្ជា០១ទៀតទេ ដែលអូសបន្លាយយូរឆ្នាំមកហើយ ក៏មិនចេញជាផ្លែផ្កា សម្រាប់ការចេញប័ណ្ណ ឬបន្តចេញប័ណ្ណ ដែលពួកគាត់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទៈសារផងដែរ។

ផ្ទុយមកវិញបែរជាស្ងាត់ឈឹង គ្មានអ្វីក្រៅពីឭុដំណឹងថា ដីធ្លីដែលពាក់ព័ន្ធជាមួយ ប្រជាពលរដ្ឋទាំង៣ឃុំខាងលើ មិនត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋឡើយ ដែលផ្ទុយទៅ និងគោលការណ៍ ឬអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បទបញ្ជាលេខ០១បប ក្នុងនោះ មានក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានចូលរួមចុះយុទ្ធនាការវាស់វែងដីធ្លីយ៉ាងផុលផុស ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឡែកដីមួយភាគធំ ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តកំពត ត្រូវបានវាស់វែងរួចរាល់ និងបានផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ រួចរាល់ហើយផងដដែរ។ប្រជាពលរដ្ឋបន្តថា ដោយឡែកនៅសេសសល់តែប្រជាពលរដ្ឋ៣ឃុំខាងលើ មិនទាន់ទទួលបាន ហាក់ដូចជា មានការយឺតយ៉ាវ ឬក៏មិនអាចទទួលបានផងក៏អាចថាបានដែរ»។

បើតាមមន្ត្រីនៃក្រុមការងារវាស់វែងដីធ្លីបន្តបទបញ្ជា០១បប របស់រាជរដ្ឋាភិបាល នៃខេត្តកំពត បានបង្ហើបឲ្យដឹងថា មូលហេតុដែលយឺតយ៉ាវ ឬមិនចេញប័ណ្ណឲ្យប្រជាពលរដ្ឋក្នុង៣ឃុំខាងលើ គឺមកពីមានក្រុមហ៊ុនឯកជន គឺក្រុមហ៊ុនសុខាហូតែល ដែលបានជួលដីនៅលើភ្នំបូកប្រមាណ២ម៉ឺនហិកតា សម្រាប់ធ្វើការអភិវឌ្ឍនោះ បានធ្វើផ្លូវថ្មីចំនួន១ខ្សែ ប្រមាណជា៣គីឡូម៉ែត្រ កាត់ដីរបស់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រនៃឃុំបឹងទូក និងឃុំកោះតូចនោះ ចាប់ពីផ្នែកខាងជើងផ្លូវ ដល់ជើងភ្នំបូលគោ គឺក្រុមហ៊ុន មានបំណងទុកសម្រាប់អភិវឌ្ឍ ដូច្នេះហើយក្បាលដី ដែលវាស់វែងរួចហើយ ត្រូវក្រុមហ៊ុនខ្ទាស់មិនឲ្យអាជ្ញាធរ ឬក៏ស្ថាប័ននៃក្រសួងពាក់ព័ន្ធ ចេញប័ណ្ណឲ្យប្រជាពលរដ្ឋនោះទេ។

ដោយឡែកក្បាលដីដែលមានការពាក់ព័ន្ធ ក្នុងខាងជើងផ្លូវថ្មីនៃក្រុមហ៊ុនខាងលើ ទោះបីដីនោះជាចំការយូរឆ្នាំហើយក្តី ជាច្រើនគ្រួសារ នៅក្នុងភូមិព្រែកចេក និងភូមិគីឡូ១២ នៃឃុំកោះតូច ស្រុកទឹកឈូ ត្រូវបានខាងក្រុមហ៊ុនសុខាហូតែលបូកគោនេះ សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត ធ្វើការដោះដូរផ្ទៃដីប្រមាណជាង៦០ហិកតា ដីនៅចំណុចក្បែខាងលិចភាគខាងជើងវត្តវាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក។

ដោយក្រុមហ៊ុនយកលេសថា ទុកដីខាងជើងផ្លូវធ្វើថ្មី ស្ថិតក្នុងឃុំកោះតូចនោះ សម្រាប់អភិវឌ្ឍទីលានវាយកូនហ្គោល របស់ក្រុមហ៊ុន។ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានអូសបន្លាយ ដោយសារការដោះដូរដីនោះ មិនត្រូវនិងលក្ខ័ណ្ឌតាមការសម្របសម្រួលរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋឡើយ ដោយក្រុមហ៊ុនសន្យាឈូសឆាយធ្វើផ្លូវឲ្យដល់ក្បាលដីរបស់ប្រជាពលរដ្ឋនីមួយៗ តែបែជាមិនអាចដំណើរការបានទៅវិញ។

ម្យ៉ាងទៀតដីប្រមាណជាង៦០ហិកតា ដែលត្រូវដោះដូរទាំងអស់នោះ ដែលស្ថិតនៅចំណុចភូមិទទឹងថ្ងៃខាងលើ សុទ្ធតែដីចំការ និងដីប្រភេទផ្សេងៗទៀត របស់ប្រជាពលរដ្ឋទាំងអស់ដូចគ្នា។ ដូច្នេះហើយប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធក្នុងដី៦០ហិកតាខាងលើ រហូតមកពេលនេះ មិនបានឯកភាព ឬក៏ប្រែក្រឡះ បែរជាមិនដោះដូរដីជាមួយក្រុមហ៊ុនឡើយ ទោះបីក្នុងកាល:ទេស:ណាក៏ដោយចុះ។

មន្ត្រីក្រុមការងារវាស់វែងដីនៅសេសសល់បន្តបទបញ្ជា០១បប របស់ថ្នាក់ខេត្តដដែល បានឲ្យដឹងទៀតថា ក្បាលដីដែលបានវាស់វែងរួចហើយ ចាប់ពីចុងឆ្នាំ២០១២ រហូតមកដល់ពេលនេះ មានចំនួនប្រមាណជិត៤០០ក្បាលដី ក្នុង៣ឃុំខាងលើ ហើយជាប្រភេទដីចម្ការមានដំណាំខ្លះ និងដីព្រៃបុស្សខ្លះ ដែលភាគច្រើនប្រជាពលរដ្ឋកាន់កាប់ពីមុន នៃការវាស់វែងតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាល កម្ពុជាមកម្ល៉េះ។

ពាក់ព័ន្ធករណីដីធ្លីរវាងប្រពលរដ្ឋ ជាមួយក្រុមហ៊ុនសុខាហូតែលបូកគោខាងលើ អង្គភាពព័ត៌មាន Fresh News មិនអាចរកការសុំបំភ្លឺ ពីក្រុមហ៊ុនជាពិសេសសមត្ថកិច្ចស្នូល គឺ លោក អ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត ជានាយកឧទ្យានជាតិព្រះមុនីវង្សបូកគោ បានទេ៕