(ត្បូងឃ្មុំ)៖ ក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្គ្រោះជាតិជាង២០នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានធ្វើដំណើរ និងជួបជុំគ្នានៅមុខពន្ធនាគារ ត្រពំាងផ្លុង ដើម្បីចង់ចូលសួរសុខទុក្ខលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំងនៅទីនោះប៉ុន្តែមិនបាន សម្រេចដោយសារគ្មានការអនុញ្ញាតពីតុលាការ។
ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចរួមមាន៖ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងយោធា និងកម្លាំងប្រជាការពារជិត៦០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំងនៅទីនោះ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រុមតំណាងរាស្រ្តដែលមាន វត្តមាននៅខាងមុខ ពន្ធនាគារត្រពាំងផ្លូវ ដែលមានចំងាយប្រមាណ២៥ម៉ែត្រពីរបងពន្ធនាគាររួមមាន៖ លោកស្រី មួរ សុខហួរ លោក ឡុង រី លោក ប៉ុល ហម លោក ជាម ចាន់នី លោក ម៉ៅ មុនីវណ្ណ លោក រៀល ខេមរិន្ទ និងសកម្មជនមកពីចំងាយជាង ២០នាក់ប៉ុណ្ណោះ។
បើតាមលោកស្នងការ ពួកគេបានទៅដល់នៅវេលាម៉ោងប្រមាណ៩ នៅចម្ងាយប្រមាណ២៥០ម៉ែត្រ ពីច្រកចូលពន្ធនាគារប៉ុន្តែការ ជួបជុំខាងលើនេះ ពុំមានការប៉ះទង្គិចណា មួយជាមួយកងកម្លាំងសមត្ថកិច្ចនោះឡើយ។ លោកស្នងការបានលួចបង្ហើបថា តាមពិតក្រុម សកម្មជនផ្សេងទៀត ទាំងអ្នកនៅមូលដ្ឋាន និងនៅតាមខេត្តផ្សេងដូចជា នៅខេត្តកំពង់ចាម គ្រោងមកជួបជុំជាមួយក្រុមអ្នក តំណាងរាស្រ្តនេះដែរ ប៉ុន្តែជាក់ស្តែងមិនបានឃើញវត្តមានពួកគេនោះទេ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជិត៦០០នាក់ នៅព្រឹកនេះត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយក្រុមអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិគ្រោងជួបជុំ ប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ៕