(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ កុំទទួលទានជាតិស្រវឹងហើយបើកបរ ព្រោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានហានិភ័យខ្ពស់កើតមានគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែងក្នុងរយៈពេល៩ថ្ងៃនៃការយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ នាយកដ្ឋានបានត្រួតពិនិត្យយានយន្តចំនួន ១៨៣៩គ្រឿង (រថយន្ត ១៧៨៥គ្រឿង) រកឃើញអ្នកបើកបរមានជាតិស្រវឹងចំនួន ៦២០នាក់ (អ្នកបើកបរម៉ូតូ ២៩នាក់)។

ដោយឡែកចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់(កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍សូមឲ្យនគរបាលចរាចរណ៍គ្រប់រាជធានី ខេត្តរឹតបន្តឹងច្បាប់ឲ្យបានខ្លាំងក្លា និងជាប់ជាប្រចាំចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង និង យានយន្តដែលគ្មានបណ្ណសម្គាល់ (កាតគ្រី) និងផ្លាកលេខ។

លោកឧត្តមសេនីយ៍សូមអំពាវនាវដល់អ្នកបើកបរទាំងអស់មិនត្រូវទទួលទានជាតិស្រវឹងហើយបើកបរ និងសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននាំចូលត្រីចក្រយានយន្ត(ម៉ូតូកង់បី) និង/ឬដាក់លក់ក្នុងឃ្លាំង ព្រមទាំងម្ចាស់យាន្តយន្តដែលមិនទាន់ផ្លាកលេខ ត្រូវរួសរាន់ទៅចុះបញ្ជីសុំបណ្ណសម្គាល់និងផ្លាកលេខបំពាក់លើយានយន្តរបស់ខ្លួន ដើម្បីកុំឲ្យប្រឈមនឹងផ្លូវច្បាប់៕