(ភ្នំពេញ)៖ ជំនួបដ៏ស្វិតស្វាញ រវាងកីឡាករជើងខ្លាំង២រូប នៅក្នុងប្រកួតជម្រុះជើងឯកក្នុងប្រភេទ ទម្ងន់៦៥គីឡូក្រាម នៅសង្វៀន ប៉ុស្ដិ៍លេខ៥ ព្រែកកំពិស កីឡាករដែលត្រូវគេកត់សម្គាល់ថា មានទាំំងកណ្ដាប់ដៃខ្លាំង និងពូកែទាត់ ហើយល្បីឈ្មោះផង ចេង គា បែរជាត្រូវជ្រុះចេញ បន្ទាប់ពីចាញ់គូប្រកួតរបស់ខ្លួន គឺកីឡាករ ទេស ជីវ៉ា។ នេះជាប្រកួតជម្រុះក្នុងជុំដំបូង ប៉ុន្តែមុននឹងទៅមិនរួចនៅក្នុងព្រឹត្តិការណ៍ គេក៏ធ្វើបានល្អហួសពីការស្មានផងដែរ។
លោក សេង កដិកា អ្នករៀបចំការប្រកួត បានអះអាងថា ការប្រកួតដណ្ដើមជើងឯកមួយនេះ មានការចូលរួមដោយកីឡាករក្នុង ប្រភេទ៦៥គីឡូក្រាម រហូតដល់ទៅ៣២រូប មកពីក្លឹបផ្សេងគ្នា ដោយកីឡាករទាំង៣២រូបនោះ គឺត្រូវចាប់ឆ្នោតប្រកួតគ្នា ដោយលក្ខខណ្ឌនៃការប្រកួត គឺតម្រូវឲ្យកីឡាករទាំងអស់ប្រកួតគ្នាតែ៣ទឹកប៉ុណ្ណោះ ដើម្បីស្វែងរកអ្នកឈ្នះឲ្យឡើងប្រកួតបន្ត ក្នុងពេលដែលអ្នកឈ្នះត្រូវធ្លាក់ហាលអាវ។ ការប្រកួតមួយនេះអត់មានបែងចែកជាពូល និងតម្រូវឲ្យធ្វើការប្រកួតសន្សំពិន្ទុនោះទេ ដោយសារតែលោកយល់ការប្រកួតចាញ់ធ្លាក់ៗ សម្រាប់ការប្រកួតមួយនេះ គឺងាយស្រួលក្នុងការគ្រប់គ្រង ចំពោះការប្រឹងប្រែង របស់កីឡាករល្អជាង បើធៀបនឹងការប្រកួតដែលប្រើរូបមន្តផ្សេងទៀត ដែលតម្រូវឲ្យកីឡាករប្រើការសន្សំពិន្ទុចុះឡើងៗ ហើយពេលណាមួយនឹងអាចមានការលក់ដូរលទ្ធផល ជាពិសេសក្នុងពេលដែលកីឡាករណាមួយ មានពិន្ទុខ្ពស់នាំមុខដែល មិនភ័យរឿងធ្លាក់ក្នុងជុំ។
លោកបន្តថា ការប្រកួតចាញ់ធ្លាក់ៗ នឹងជួយឲ្យគណកម្មការអត់ខ្វល់ រឿងតាមដានការប្រកួតរបស់កីឡាករម្នាក់ៗ ដោយសារតែអ្នកចាញ់ ក្រៅពីបាត់ឱកាសឡើងទៅប្រកួតក្នុងវគ្គបន្ត គឺក្រេឌីតរបស់កីឡាករម្នាក់នោះ ក៏នឹងបាត់ពីទំនុកចិត្តរបស់ អ្នកទស្សនាផងដែរ។ ជាក់ស្ដែងការប្រកួតរវាងកីឡាករបង្គោលក្រហម ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ និងកីឡាករបង្គោលខៀវ ចេង គា មកពីក្លិបសាលវ័ន្តកីឡា កាលពីថ្ងៃទី៩ កញ្ញា នៅព្រែកកំពិស គឺជាភស្ដុតាងស្រាប់។ ការប្រកួតដ៏ស្វិតស្វាញនេះ ទស្សនិកជន ពេញចិត្តតាំងពីទឹកទី១ រហូតដល់ទឹកបញ្ចប់ ជាពិសេសក្នុងពេលដែលជើងខ្លាំង ទាំងពីរកាន់តែដណ្ដើមគ្នាយកឈ្នះទៅវិញ ទៅមកនៅទឹកទី២ និងទឹកទី៣។ ការប្រកួតគូនេះ ធ្វើឲ្យអ្នកទស្សនាពេញយ៉ាងខ្លាំង បើធៀបនឹងគូដណ្ដើមជើងឯកមួយគូទៀត ដែលបើកការប្រកួតគ្នាបានត្រឹមតែមួយទឹកក៏រកឃើញចាញ់ឈ្នះ ដែលមិនអាចឲ្យគេមើលដឹងពីកម្លាំង និងសមត្ថភាពឲ្យអស់ចិត្ត៕