(ត្បូងឃ្មុំ)៖ ការប្រមូលផ្តុំគ្នាតវ៉ានៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅទីនោះពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិ នាំគ្នាតវ៉ានៅទីនោះនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ទង្វើនេះគឺជាការដាក់បន្ទុកដល់គណបក្សខ្លួន ជាប់ជំពាក់នឹងអំពើក្បត់ជាតិ កឹម សុខា។

លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពនេះពុំបានផ្តល់ផលប្រយោជន៏អ្វីដល់លោក កឹម សុខា នោះទេ ផ្ទុយទៅវិញទង្វើនេះជាការដាក់បន្ទុក ដល់គណបក្សខ្លួនអោយជាប់ជំពាក់នឹងអំពើក្បត់ជាតិ កឹម សុខា»

កម្លាំងសមត្ថកិច្ចជិត៦០០នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា កម្លាំងសមត្ថកិច្ចជិត៦០០នាក់ ដែលកំពុងការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាខេត្ត និងកម្លាំងប្រជាការពារផងដែរ ក្រោយទទួលដំណឹងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នាំគ្នាមកតវ៉ានៅទីនេះ។

សូមជំរាបថា ថ្មីៗនេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធមិនអនុញ្ញាត ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបសូរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្ស នៅក្នុងពន្ធនាគារត្រពាំងថ្លុងនោះទេ ដោយលោកចៅក្រមពន្យល់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី មូរ សុខហួរ បានសរសេរលិខិតទៅចៅក្រម គី ឬទ្ធី សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងថ្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងលិខិតស្នើសុំនោះ ក្រៅពីលោកស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រមណ្ឌលតាកែវ លោក ស៊ុន ឆៃ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ដែលមានបំណងចូលសួរសុខទុក្ខលោក កឹម សុខា៕