(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧រួចហើយនៅព្រឹកថ្ងៃនេះ និងរសៀលថ្ងៃម្សិលមិញ។

បេក្ខជន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា ​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មានចំនួន​ ៦៣,៦៦៨នាក់​ ត្រូវ​ជា​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩,៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤,២៣៤នាក់ ត្រូវ​ជា​៥៣.៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩,៤៣៤នាក់​ ត្រូវ​ជា​៨២.៦២%។

ការប្រឡងសញ្ញាបត្របាក់ឌុប ដែលជាដំណាក់កាលសំខាន់ ក្នុងជីវិតការសិក្សាបានបញ្ចប់មែន ប៉ុន្តែមិនទាន់អាចចាត់ទុកថា ជីវិតក្នុងការសិក្សាទទួលបានជោគជ័យឡើយ ពោលគឺសិស្សានុសិស្ស ត្រូវសម្រេចចិត្តជ្រើសរើសជំនាញ ដើម្បីសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ឬសិក្សាបន្តក្រោយប្រឡងបាក់ឌុប។

ក្នុងការជ្រើសរើសជំនាញសិក្សានេះទៀតសោធ គឺជាដំណាក់កាលដ៏តឹងតែងមួយ ក្នុងការសម្រេចចិត្ត ព្រោះបើការសម្រេចចិត្តត្រឹមត្រូវ ជាមួយនឹងតម្រូវការទីផ្សារការងារនោះ ជីវិតនឹងជោគជ័យ បានការងារធ្វើដូចបំណង និងទទួលបានប្រាក់ខែច្រើន ប៉ុន្តែបើការជ្រើសជំនាញសិក្សាមិនត្រឹមត្រូវ អាចនឹងធ្វើឲ្យពិបាករកការងារធ្វើ ឬក៏រៀនជំនាញនេះ ទៅធ្វើការលើជំនាញផ្សេងទៅវិញ ដែលកម្ពុជាកំពុងជួបប្រទះស្រាប់។

ដើម្បីចូលរួមចំណែក ក្នុងការជំរុញដល់ការសម្រេចចិត្ត របស់សិស្សានុសិស្ស ដែលទើបប្រឡងជាប់បាក់ឌុប ក្នុងការជ្រើសជំនាញសិក្សាឲ្យបានត្រឹមត្រូវ សមស្របជាមួយទីផ្សារការងារបច្ចុប្បន្ននោះ អង្គភាពព័ត៌មាន Fresh News បានរៀបចំនូវកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក ថង សាម៉ុន អនុប្រធាននាយកដ្ឋាន ព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលលោកមានបទពិសោធន៍ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដែលប្រធានបទនៃកិច្ចសម្ភាសន៍ គឺ៖ «តើសិស្សទើបប្រឡងបាក់ឌុបជាប់ គួរសិក្សាជំនាញមុខវិជ្ជាអ្វី ដើម្បីឲ្យត្រូវនឹងតម្រូវការងារ?»។

ខាងក្រោមកិច្ចសម្ភាសន៍រវាងលោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ជាមួយនឹងលោក ថង សាម៉ុន ដូចតទៅ៖