(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក្រីក្រ ចំនួន៦៥៧គ្រួសារ ដែលស្ថិតនៅសង្កាត់ បឹងទំពុន ទី១-ទី២, សង្កាត់ស្ទឹងមានជ័យទី១-ទី២និងទី៣ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលអំណោយសម្បុរសធម៌ ពីអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ដែលប្រារព្ធធ្វើឡើង នៅមណ្ឌលវិមានសុភមង្គល ស្ទឹងមានជ័យ។

កម្មវិធីនោះ ក៏មានការចូលរួមសហការពីអភិបាលខណ្ឌរង ខណ្ឌមានជ័យ លោក ឡុង ង៉ែត, ក្រុមអ្នកស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងខាងអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ផ្ទាល់ផងដែរ។

ក្នុងឱកាសនោះ លោក ឡុង ង៉ែត បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមអំណរគុណដល់ អង្គមូលនិធិពុទ្ធសាសនា ឆឺជី ដែលបានជួយកាត់បន្ថយនូវភាពខ្វះខាត ដល់ប្រជាជនកម្ពុជា តាមរយៈផ្ដល់អំណោយ មកដល់ពួកគាត់ យើងខ្ញុំ ពិតជាសប្បាយចិត្ដណាស់ ហើយការជួយនេះ មិនមែនជាលើកទីមួយទេ គឺជាលើកទី៥ហើយ ដែលខាង ឆឺជី បានផ្ដល់អំណោយ និងអប់រំពួកគាត់ ឲ្យសាងអំពើល្អ ស្រលាញ់ខ្លួនឯង ស្រលាញ់អ្នកជុំវិញខ្លួន ស្រលាញ់ធម្មជាតិ បរិស្ថាន ដោយកុំចោលសំរាម​ ពាសវាលពាលកាល នេះផងដែរ»

ទទ្ទឹមនឹងនោះ ប្រធានអង្គការឆឺជី លោក សៀរ ម៉ីងស៊ីង បានថ្លែងផងដែរថា ថ្ងៃនេះអង្គការឆឺជីរបស់លោក បាននាំយកអង្ករជាច្រើន មកចែកជូនបងប្អូន ខ្វះខាត ចំនួន៦៥៧គ្រួសារ ដែលរស់នៅ ក្នុងខណ្ឌមានជ័យ ដោយក្នុងមួយគ្រួសារ បានអង្គរ៤០គីឡូក្រាម ត្បិតតែអំណោយសប្បុរសធម៌នៅថ្ងៃនេះ បន្តិចបន្តួចក្តី តែវាបានបង្ហាញពីក្តីស្រលាញ់ និងសទ្ធាចិត្តដ៏បរិសុទ្ឋ ដែលមិនអាចកាត់ថ្លៃបាន ហើយក៏ជាការចូលរួមចំណែកសម្រាលការខ្វះខាត ពិសេសបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាត ។

លោក​បន្ដថា ក្រៅពីការចែកអង្ករ អង្គការឆឺជី ក៏មានកម្មវិធីប្រមូលសំបកទឹកសុទ្ធ ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌមានជ័យ ក្នុងគោលបំណង បង្ហាញពីការអត្ថប្រយោជន៍ ទឹកសុទ្ធដែល ពួកគាត់បានបោះចោល និងសូមកុំមើលរំលង សំបកដបដ៏តូចនេះ ឲ្យតែយើងរើសវាសន្សំទុក វាក៏អាចផ្ដល់ផលប្រយោជន៍ដល់យើងបានដែរ ទីមួយ អាចយកទៅលក់ យកថវិកាមកវិញ និងសម្អាតបរិស្ថាន នៅជុំវិញខ្លួនយើង សូមចូលរួមទាំងអស់ ដើម្បីថែរក្សាបរិស្ថានស្រស់ស្អាត នៅជុំវិញផ្ទះរបស់លោកអ្នក ៕