(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យ «ក១» នៃមន្ទីរប្រឆាំងគ្រឿងញៀន គយរដ្ឋាករ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ អនុប្រធានមន្ទីរពេទ្យខេត្ត លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និងនគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ស្រ្តីជនជាតិវេណាស៊ុយអេឡាម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងប្រទេស។

សម្រាប់ការបង្ក្រាបស្រ្តីបរទេសរូបនេះ កម្លាំងនគរបាលបានដកហូតសារធាតុញៀនប្រភេទកូកាអ៊ីន(Cocaine) ចំនូន១០៤ដុំ ទម្ងន់ប្រហែល១គីឡូក្រាម។

ស្នងការរងនគរបាល និងជាប្រធានផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បានធ្វើឡើងដោយអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ជាអភិបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសំរួលដោយព្រះរាជអាជ្ញារង ហួត វិចិត្រ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា «នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ការបង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលាក់នៅក្នុងខ្លួន ពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai និងBangkok តាមជើងយន្តហោះលេខ PG 913 ចុះ នៅអាកាសយានដ្ឋានអន្តជាតិសៀមរាប សមត្ថកិច្ចជំនាញយើងបានចាប់ខ្លួនជនសង្ស័យ នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប»

ស្រ្តីសង្ស័យមានឈ្មោះ FLORES GONZALEZ YOSBEILYS KATERINE អាយុជិត៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 116131197 ជនជាតិ VANEZUELA។

បើតាមលោកស្នងការរង ស្រ្តីសង្ស័យរូបនេះបានសារភាពថា រូបគេបានធ្វើសកម្មភាពជួញដូរថ្នាំញៀននេះ តាំងពីមានអាយុ១៦ឆ្នាំមកម្ល៉េះ ដូច្នេះរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។ ការចាប់បានលើកនេះស្រ្តីសង្ស័យ ក៏បានលេបថ្នាំចូលទៅក្នុងពោះផងដែរ។

ស្រ្តីសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ដើម្បីចាត់ការតាមច្បា​ប់៕