(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់ស្ថានទូតអាមេរិក ដែលបានកំពុងធ្វើសេចក្តីថ្លែងការណ៍នានា ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការចោទប្រកាន់ប្រព្រឹត្តអំពើក្បត់ជាតិ ដោយសហការជាមួយអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរទៅស្ថានទូតអាមេរិកថា តើកំពុងធ្វើជាម៉ែឪរបស់កម្ពុជា ឬជាតំណាងឲ្យប្រទេសមួយ។ ការថ្លែងប្រតិកម្ម ក៏ដូចជាការចោទសួរនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតពេទ្យជិត៤ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៅសហរដ្ឋអាមេរិកផងដែរថា អាមេរិកធ្លាប់បានបំផ្លាញប្រទេសកម្ពុជា ដោយគាំទ្រការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយមកទល់ពេលនេះគ្រាប់បែក២លាន ៧សែនតោន មិនទាន់យកអស់ពីដីកម្ពុជានៅឡើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរទៅស្ថានទូតអាមេរិកយ៉ាងដូច្នេះ «តើគេមកកម្ពុជាធ្វើជាម៉ែឪកម្ពុជា ឬក៏យ៉ាងម៉េច? គ្រាប់បែក២លាន៧សែនតោន មិនទាន់ដោះស្រាយចប់ទេ ហើយវ៉ៃឯងហើយ ទារលុយឯងទៀត វាឆ្ងាញ់អារឿងហ្នឹង ហើយក្រុមហ្នឹងហើយជាក្រុមបំផ្លាញ ជាមេខ្លោង ជាកូនចឹងរបស់គេ គឺនៅកម្ពុជា»។
ស្ថានទូតអាមេរិកនៅកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងការចាប់ខ្លួនលោក កឹម សុខា តែងបានបង្ហោះសារនានាលើទំព័រ Facebook របស់ខ្លួន ដូចជាការចោទសួរថា តើកម្ពុជា បានប្តេជ្ញាចិត្តដើម្បីប្រជាធិបតេយ្យដែរឬទេ? និងការបង្ហោះរូបត្រីពណ៌ក្រហម ដែលមានអត្ថន័យប្រដូចប្រទេសកម្ពុជាថា ជាប្រទេសកុម្មុយនិស្តជាដើម។
ការបង្ហោះសារទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ប្រទេសអាមេរិកកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៅអាមេរិកថា កម្ពុជា មិនអាចនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញប្រទេសកម្ពុជាបានដូចនៅឆ្នាំ១៩៧០ទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់កាយវិការរបស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម អ៉ីថូត ដែលបានលើកម្រាមដៃ៤ឡើងលើនៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកដំបូងកាលពីឆ្នាំ២០១៣ ដោយគ្មានវត្តមានរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
សម្តេចតេជោ បានហៅកាយវិការនោះថា មិនមែនជាកាយវិការអ្នកការទូតនោះទេ គឺជាកាយវិការច្រឡោមខាម ហើយសម្តេចរំពឹងថា មន្រ្តីទូតរបស់ប្រទេសដទៃទៀត នឹងមិនធ្វើកាយវិការបែបនោះឡើយ។
លោក កឹម សុខា តាមរយៈវីដេអូឃ្លីបមួយ ដែលបានបែកធ្លាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា រូបលោកត្រូវបានអាមេរិកជួយជ្រោមជ្រែងការងារតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដើម្បីធ្វើសកម្មភាពនានាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូកូស្លូវ៉ាវី និងសើប៊ី។
ក្រោយការបែកធ្លាយវីដេអូនោះ លោក កឹម សុខា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោង ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ចូនខ្លួនទៅដាក់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បុងឃ្មុំ។ លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទក្បត់ជាតិ ប្រឈមការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕