(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់ឲ្យនគរបាលវរៈការពារព្រំដែន និងកម្លាំងនគរបាលទូទាំងខេត្តតែម្តង ត្រូវត្រៀមលក្ខណៈប្រចាំការឲ្យជាប់ជាប្រចាំលើ២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីត្រៀមបង្រ្កាប ទប់ស្កាត់សភាពការណ៍ជាយថាហេតុកើតឡើង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងពីសភាពការបច្ចុប្បន្ន ឲ្យកងកម្លាំងនគរបាលទាំងអស់បានជ្រាប និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ និងប្តេជ្ញាការពាររដ្ឋភិបាល ដែលជារដ្ឋភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

បទបញ្ជាបែបនេះរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានធ្វើឡើងក្នុងគ្រាដែលលោកឧត្តមសេនីយ៍ទោស្នងការ រួមនិងលោក គង់ គឹមនី អភិបាលស្រុកស្នួល ចុះសួរសុខទុក្ខកងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងពិធីសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរការពារព្រំដែន នៅក្នុងឱកាសពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១០ កញ្ញា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំ អង្ករ២តោននំអន្សមជាង២រយនំ មី១៥កេះ ត្រីខ១៥កេះ ព្រមទាំង ថវិការចំនួន៥លានរៀល ទៅប្រគល់ជូនដល់កងកម្លាំងនគរបាលវរការ ពារព្រំដែនផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានសម្តែងការកោតសសើរដល់កម្លាំងវរការពារព្រំដែនទាំងអស់ ដែលកន្លងបានខិតខំបំពេញការងារបានល្អប្រសើរ ជាពិសសការរួមសហការ ជាមួយនិងប្រទេសជាមិត្តជិតខាង ក្នុងការអនុវត្តកិច្ចការងារមិនឲ្យមានបាតុភាពអ្វីកើតឡើង ឲ្យព្រួយបារម្មនោះទេ។

សង្កត់ធ្ងន់ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជម្រុញឲ្យមេបញ្ជាការវរការពារព្រំដែន ពិនិត្យលើកផែនការវគ្គបណ្តុះបណ្តាលជំនាញ បំប៉នវគ្គជំនាញកង អន្តរាគមន៍ពិសេស ដែលគ្រោងមានវគ្គពិសេសមួយវគ្គទៀត ដើម្បីបង្កបង្កើនសមត្ថកភាពកងកម្លាំងរបស់ខ្លួន និងការចេះរួមគ្នាការបង្ករបង្កើនផល ដាំបន្លែនិងចិញ្ចឹមសត្វ សម្រាប់ដោះស្រាយទ្រទ្រង់ជីវភាពកងកម្លាំងវរការពារព្រំដែនឲ្យ បានប្រសើរឡើង។

លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យកងកម្លាំងនគរបាលវរការពារព្រំដែន ត្រូវចេះសហការជាមួយប្រទេសជិតខាងឲ្យបានល្អ៕