(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះថា នៅកូរ៉េខាងត្បូង ពេលនេះមិនមែនបាតុកម្មទាមទារឱ្យដោះលែង លោក កឹម សុខា ដោយការផ្សព្វផ្សាយនោះទេ ហើយរូបភាពដែលឃើញលើ Facebook នោះគឺជារូបភាពចាស់ ដែលជនអនាមិកធ្វើឡើងដើម្បីស្ទង់មតិតែប៉ុណ្ណោះ។

ការចេញមុខអះអាងរបស់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ពលករខ្មែរជាច្រើនដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយទាមទារឱ្យសមត្ថកិច្ច និងតុលាការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។

លោក ឡុង ឌីម៉ង់ អះអាងថា ការផ្សព្វផ្សាយបែបនោះ គ្រាន់តែជាការប្រឌិត ដើម្បីចំណេញដល់នយោបាយរបស់ គណបក្សប្រឆាំងតែប៉ុណ្ណោះ ខណៈដែលជាក់ស្តែងមិនមានបាតុកម្មកើតឡើងនោះទេ ហើយពលករខ្មែរ ធ្វើការងារជាធម្មតា។ លោកចាត់ទុកថា ការបំផុសបំផុលអំពីបាតុកម្មបែបនេះ មានតែលើបណ្តាញសង្គម Facebook ប៉ុណ្ណោះ ខណៈដែលជនអនាមិកប្រើប្រាស់រូប កាលពីអតីតកាល ដើម្បីបោកបញ្ឆោទ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។

កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕