(ភ្នំពេញ)៖ ទីបំផុត ! សមាជិករដ្ឋសភាភាគច្រើន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឱ្យស្ថាប័នតុលាការបន្តនីតិវិធីរបស់ខ្លួនចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញរបស់រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន៦៧រូប ខណៈដែលក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ធ្វើពហិកាមិនចូលរួម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បក្សប្រឆាំងមិនមានលទ្ធភាពផ្អាកនីតិវិធីតុលាការនោះទេ។ ក្នុងករណីនេះ បេីចង់ផ្អាកនីតិវិធីតុលាការ ក្នុងការចាប់ខ្លួន ការចោទប្រកាន់ ការនាំខ្លួន និងការឃុំខ្លួន លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងនោះ លុះត្រាតែមានសំឡេង ៣/៤នៃចំនួនតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងមូល។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕