(ភ្នំពេញ)៖ នៅម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិនិត្យ និងសម្រេចចំពោះករណី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយនឹងមានតំណាងរាស្រ្តមួយចំនួនចូលរួម ខណៈដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង បានប្រកាសថា ពួកគេនឹងធ្វើពហិកា ដោយមិនព្រមចូលរួមប្រជុំរដ្ឋសភា នៅថ្ងៃស្អែកនេះឡើយ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕