(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បន្តយកចិត្តទុកដាក់ចំពោះអតិថិជន តាមរយៈការរៀបចំកម្មវិធីភ្ជាប់ទំនាក់ទំនង កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីលើកទឹកចិត្ត និងបង្កើនភាពជិតស្និទ្ធជាមួយអតិថិជន។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីប ម៉ុង លែន បានលើកឡើងថា «ទោះបីជាយើងបានប្រគល់ផ្ទះជូនអតិថិជនហើយក៏ដោយ ក៏យើងនៅតែបន្តនៅជិតអតិថិជន និងបំពេញតម្រូវការជូនអតិថិជនជានិច្ច»។
លោកឧកញ៉ាបានបន្តថា «ក្រៅពីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជន កម្មវិធីនេះក៏ផ្តល់ឱកាសឲ្យម្ចាស់គេហដ្ឋានក្នុងគម្រោងដឹ ផាក លែន សែន សុខ បានស្គាល់គ្នា និងភ្ជាប់ទំនាក់ទំនងជាមួយគ្នាផងដែរ ពីព្រោះពួកគាត់នឹងក្លាយជាអ្នកជិតខាងគ្នាក្នុងពេលឆាប់ៗនេះ»។
លោកឧកញ៉ាបានលើកឡើងទៀតថា «ជីប ម៉ុង លែនមិនមែនសាងសងត្រឹមតែគេហដ្ឋាន ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែយើងក៏សាងសងសហគមន៍មួយ ដែលប្រកបដោយភាពកក់ក្តៅ ភាពស្និតស្នាល និងផាសុកភាពក្នុងការរស់នៅផងដែរ»។
ទាក់ទងនឹងគុណភាពសំណង់ លោកឧកញ៉ា លាង ម៉េង អគ្គនាយកជីប ម៉ុង គ្រុប បានលើកឡើងថា «យើងសាងសង់ផ្ទះដែលមានសោភ័ណភាពស្អាតគឺមិនគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនជីប ម៉ុង លែនទេ។ យើងខ្វាយខ្វល់ យើងគិតពីគុណភាពចាប់ពីថ្ងៃបុកគ្រឹះ ចាក់ប្លង់សេ និងរៀបដំបូលផ្ទះ ដែលធ្វើឲ្យផ្ទះយើង មិនប្រេះ មិនស្រាំ មិនស្រុត ដោយសារយើងបានសិក្សាលម្អិត ពីបច្ចេកទេសទាំងអស់ ហើយយើងមានក្រុមបច្ចេកទេសត្រួតពិនិត្យគ្រប់ពេលវេលា»។
លោកឧកញ៉ាបានបន្ថែមថា «យើងធ្វើយ៉ាងណាឲ្យអតិថិជនដេកលក់ស្រួល អត់ឈឺកក្បាលលើគុណភាពសំណង់របស់ក្រុមហ៊ុនជីប ម៉ុង លែន»។
ក្រៅពីគម្រោង ដឹ ផាក លែន សែនសុខ បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងធំៗពីរបន្ថែមទៀត រូមមាន គម្រោង ដឹ ផាក លែន ៥៩៨ និងគម្រោង ដឹ ផាក លែន TK។ ក្រុមហ៊ុនក៏ត្រៀមនឹងបើកលក់គេហដ្ឋានក្នុងគម្រោងទី៤ គឺ គម្រោង ដឹ លែន ម៉ាក ២៧១ ក្នុងពេលឆាប់ៗនេះផងដែរ៕