(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) និងមីក្រូហិរញ្ញវត្ថុ CMK បានសហការគ្នាផ្តល់ឥណទានសិក្សាដល់និស្សិតដែលមានបំណងបន្តការសិក្សា និងពង្រឹសមត្ថភាពជំនាញសិក្សាស្រាវជ្រាវរបស់ខ្លួនបន្ថែមទៀត។ និស្សិតអាចទទួលបានឥណទានចាប់ពី៣៥០ដុល្លារ ដល់ ៩០០ដុល្លារអាមេរិក។

ថ្លែងក្នុងសិក្ខាសាលាបង្ហាញពីការផ្តល់ឥណទានដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ថេត ចាន់ថាត ប្រធានសាខាស្ទឹងមានជ័យមីក្រូហិរញ្ញវត្ថុ CMK បានឲ្យដឹងថា ការផ្តល់កម្ចីមានរយៈពេលវែងរហូតទៅដល់៧ឆ្នំា និងមានអត្រាការប្រាក់ត្រឹមតែ ០.៩% ក្នុង ១ខែដោយគា្មនវត្ថុតំកល់អ្វីឡើយ ហើយនិស្សិតទាំងអស់អាចសងប្រាក់ត្រឡប់ទៅវិញនៅពេលបញ្ចប់ការសិក្សា។

លោកបណ្ឌិត សឿ យ៉ាន គូសបញ្ជាក់ថា សព្វថ្ងៃ CUS មាន៨ទីតាំងគឺ២ទីតាំងនៅរាជធានីភ្នំពេញ និង ៦ទីតាំងទៀតនៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ សាកលវិទ្យាល័យបណ្តុះបណ្តាលទៅលើមហាវិទ្យាល័យចំនួនប្រាំ គឺមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្តនិងភាសា មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងនីតិសាស្រ្ត និងមហាវិទ្យាល័យវិស្វកម្ម។

លោក សឿ យ៉ាន បានបញ្ជាក់ផងដែរថា សាកលវិទ្យាល័យបានយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ និងអនុវត្តដោយច្បាស់លាស់នូវប្រព័ន្ធគ្រប់គ្រងគុណភាពអប់រំសំដៅធ្វើឲ្យសម្រេចនូវបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈបុគ្គលិកលក្ខណៈល្អប្រពៃ ដោយឈរលើមូលដ្ឋានដ៏រឹងមាំទាំងនេះហើយទើប CUS ទទួលបានកំណើនអត្រាចុះឈ្មោះចូលរៀន ៤១% និងអត្រានិស្សិតដែលបញ្ចប់ការសិក្សាមានការងារធ្វើរហូតដល់៩៦.៣៩%។

មានបុគ្គលិក សាស្រ្តាចារ្យសរុបជាងមួយពាន់នាក់ មាននិស្សិតកំពុងសិក្សាជាងមួយម៉ឺននាក់ និស្សិតដែលបញ្ចប់ការសិក្សាដោយជោគ ជ័យរួចហើយជាងបីម៉ឺននាក់ តាមរយៈកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស ព្រមទាំងទទួលនិស្សិតបរទេសមកផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សាបានមួយចំនួន និងបានសហការជាមួយស្ថាប័ន ក្រុមហ៊ុនដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសជាង៥០០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិតចុះកម្មសិក្សា ហាត់ការរកការងារធ្វើជាក់ស្តែងដូចជាថ្ងៃនេះសោតសាកលវិទ្យាល័យបានសហការជាមួយមីក្រូហិរញ្ញវត្ថុ CMK ក្នុងការផ្តល់នូវកម្ចីដែលបង្កើតឡើងដើម្បីជួយសិស្ស និស្សិត អ្នកសិក្សាក្នុងការផ្គត់ផ្គង់ការបង់ថ្លៃសិក្សា និងចំណាយផ្សេងៗដូចជាថ្លៃទិញសម្ភារៈ ចំណាយលើការស្នាក់នៅ និងសោហ៊ុយនានាពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវដោយជ្រើសរើសនូវកម្ចីសិក្សាដោយក្នុងឯករាជភាពហិរញ្ញវត្ថុដោយមិនពឹងពាក់ឳពុកម្តាយទៀតឡើយ និងទ្រទ្រង់ការសិក្សាដោយខ្លួនឯង ព្រមទាំងមានភាពម្ចាស់ការ និងអភិវឌ្ឍបុគ្គលិកលក្ខណៈសម្បត្តិដើម្បីក្លាយជាធនធានបញ្ញាសម្រាប់កម្ពុជានិងពិភពលោក៕