(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់តំណាងកម្មករ កម្មការិនីជាមួយសម្តីធ្ងន់ៗថា ប្រសិនបើទប់ស្កាត់ទង្វើក្បត់ជាតិ របស់លោក កឹម សុខា មិនទាន់ទេនោះ ប្រទេសជាតិទាំងមូលអាចនឹងត្រូវរលាយហិនហោចជាក់ជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ចសំណេះសំណាល ជាមួយតំណាងកម្មករ-កម្មការិនីជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។ (សូមស្តាប់ប្រសាសន៍សម្តេច)

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យស្វែងរកជនពាក់ព័ន្ធជាមួយអំពើក្បត់ជាតិដទៃទៀត ដែលជ្រកក្រោមស្លាកគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែគណបក្សក៏ត្រូវរំលាយចោលដែរ ប្រសិនជាប់ពាក់ព័ន្ធជាមួយអំពើទុច្ចរិតបំផ្លាញជាតិធ្ងន់ធ្ងរមួយនេះ។

សំណុំរឿងនៃអំពើក្បត់ជាតិប្រហែលមិនបិទបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាឲ្យស្វែងរកជាប់ពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងគណបក្សប្រឆាំងមួយនេះ ហើយគណបក្សទាំងមូលក៏ត្រូវប្រឈមការ រំលាយចោលផងដែរ ប្រសិនបើរកឃើញជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនលោក កឹម សុខា ក្រោយពីបែកធ្លាយវីដេអូមួយ ដែលក្នុងវិដេអូនោះលោក កឹម សុខា បានសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពី រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តពណ៌ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក កឹម សុខា ថែមទាំងបានបញ្ជាក់ថា ការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក គឺបានធ្វើឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិដូចកាលពីឆ្នាំ១៩៧០។ ទោសរបស់លោក កឹម សុខា ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ៕