(ទីក្រុងប៉ាសៃ, ហ្វីលីពីន)៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៩ បាននិងកំពុងតែប្រព្រឹត្តទៅនៅទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា ដែលរួមមានតំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមក្នុងកិច្ចប្រជុំទាំងនោះ។ លោក ប៉ាន សូរស័ក្តិ ក៏បានជួបប្រជុំជាមួយដៃគូពិភាក្សារបស់អាស៊ានផងដែរ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណៈរដ្ឋកូរ៉េ នូវែលហ្សេឡង់ រុស្សី និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំដ៏សំខាន់នេះ បានផ្តល់លទ្ធផលផ្លែផ្កាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក អាស៊ាន និងប្រទេសជាដៃគូ។ ខាងក្រោមនេះ គឺជាលទ្ធផលមួយចំនួនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន៖

១៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៩ (49th ASEAN Economic Ministers Meeting (AEM))៖ មកទល់ពេលនេះ ការលប់ចោលពន្ធគយក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញ បានសំដែងឲ្យឃើញថា ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (ASEAN 6) បានលប់ចោល ៩៩,២% នៃបន្ទាត់ពន្ធគយ។ ដោយឡែកកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បាន់លប់បំបាត់នូវ ៩០,៩% នៃបន្ទាត់ពន្ធគយសរុប។ គិតជាមធ្យម ៩៦,០១% នៃបន្ទាត់ពន្ធគយសរុប ត្រូវបានលប់បំបាត់រវាងប្រទេសជាសមាជិកអាស៊ាន។

២៖ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកាណាដា រួមបញ្ចូលកិច្ចពិភាក្សាក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (6th AEM-Canada Consultations including Dialogue with Canada – ASEAN Business Council (CABC))៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្វាគមន៍ចំពោះការបញ្ចប់នូវការសិក្សាបឋមរួម ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា។ ក្រៅពីនោះផងដែរ រដ្ឋមន្ត្រីអាស៊ាន ក៏បានកត់សម្គាល់វឌ្ឍនភាពនៃការអនុវត្តផែនការ ២០១៦-២០២០ ក្នុងការអនុវត្តសេចក្ដីប្រកាសរួមស្ដីពីពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-កាណាដា ដែលមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងគាំទ្រដល់កិច្ចផ្ដួចផ្ដើមផ្សេងៗ ដោយវិស័យឯកជន។

៣៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លើកទី១៦ (16th AEM-MOFCOM (China) Consultations)៖ ពាណិជ្ជកម្មលើទំនិញរវាងអាស៊ាន និងចិន មានតំលៃ ៣៦៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ស្មើនឹង ១៦,៥% នៃទំហំពាណិជ្ជកម្មលើទំនិញសរុប របស់អាស៊ាន។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិនមកអាស៊ាន មានតំលៃ ៩,២ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ស្មើនឹង ៩,៥% នៃលំហូរសរុប របស់អាស៊ាន។

៤៖ កិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រួមបញ្ចូលកិច្ចពិភាក្សាក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ លើកទី១៤ (14th AEM-ROK Consultations including Dialogue with ASEAN-Korea Business Council (AKBC))៖ រដ្ឋមន្ត្រីអាស៊ានកត់សម្គាល់ថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ចូលជាធរមាន នៅឆ្នាំ២០០៧ ពាណិជ្ជកម្មទ្វេភាគីអាស៊ាន-កូរ៉េ បានកើនឡើងប្រមាណ ៩២,៣% ឬ ១១៨,៨៤ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ធៀបនឹង ៦១,៨១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០០៦។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីប្រទេសកូរ៉េមកអាស៊ាន មានតំលៃជាមធ្យម ៦ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ (២០០៧-២០១៦) ស្មើនឹងកំណើន ៥,៤ ដងបើធៀបនឹងលំហូរក្នុងរយៈពេល ១០ ឆ្នាំមុន (១៩៩៧-២០០៦)។ រដ្ឋមន្ត្រីអាស៊ាន បានកត់សម្គាល់វឌ្ឍនភាពក្នុងការអនុវត្តវិធីសារទី៣ ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន-កូរ៉េ។

៥៖ កិច្ចពិភាក្សារដ្ឋមន្ត្រីអាស៊ាន និងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន លើកទី២ (2nd AEM-Hong Kong, China Consultations)៖ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើទំនិញអាស៊ាន-ហុងកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគ (AHKIA) ត្រូវបានបញ្ចប់ ដើម្បីពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍក្នុងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏មានមួយជំពូកស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងមានផលប្រយោជន៍ដល់កម្ពុជា ដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអាស៊ាន។